(ភ្នំពេញ)៖ ឆ្លេីយតបតាមការអញ្ជេីញរបស់កាកបាទក្រហមចិន និងអនុវត្តតាមការចាត់តាំងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, គណៈប្រតិភូកាកបាទក្រហមកម្ពុជា ៤រូប ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី «ភាពធន់សហគមន៍» ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំកាកបាទក្រហមចិន។

ពិធីបេីកសិក្ខាសាលាអន្តរជាតិ បានប្រព្រឹត្តទៅក្រោមអធិបតី លោក He Wei ប្រធានកាកបាទក្រហមចិន និងអញ្ជេីញចូលរួមពីលោកស្រី Olga Dzhumaeva ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំតំបន់អាស៊ីខាងកេីត, លោក Boris Kelečević អនុប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ប្រចាំតំបន់អាស៊ីខាងកេីត, សមាគមជាតិចំនួន៨ នៃតំបន់អាស៊ីខាងកេីត, ព្រមទាំងសាខាកាកបាទក្រហមចិន សរុបចំនួន ១២៨នាក់។

ក្នុងថ្ងៃទី១ នៃសិក្ខាសាលាអន្តរជាតិនេះ មានកិច្ចប្រជុំពេញអង្គចំនួន២ គឺ (ទី១) ស្តីពី «ការកសាងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលមានបទអន្តរាគមន៍ចំនួន៥ និង(ទី២ ) ស្តីពី «ការកសាងភាពធន់សហគមន៍ក្រោមបរិបទនគរូបនីយកម្ម» ដែលមានបទអន្តរាគមន៍ចំនួន៤ ក្នុងនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឡេីងធ្វេីបទអន្តរាគមន៍ស្តីពី «ការកសាងភាពធន់សហគមន៍ក្នុងការឆ្លេីយតបនឹងគ្រោះមហន្តរាយក្នុងទីក្រុង»

អង្គសិក្ខាសាលានេះក៏មានវេទិកាពិភាក្សាតុមូលចំនួន២ទៀត គឺ (ទី១) ស្តីពី «ការពង្រឹងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលមានបទអន្តរាគមន៍ចំនួន៥ និង(ទី២) ស្តីពី «ការកសាងភាពធន់សហគមន៍ក្នុងដំណើរការនគរូបនីយកម្ម» ដែលមានបទអន្តរាគមន៍ចំនួន៥ ផងដែរ។

ជាលទ្ធផល លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា តាមរយៈបទអន្តរាគមន៍នានាពីបណ្តាសមាគមជាតិផ្សេងៗ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមាគមជាតិនីមួយៗក្នុងការអនុវត្តគម្រោងភាពធន់សហគមន៍ទាំងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងផ្នែកនគរូបនីយកម្ម។

លោកស្រីបានគូសបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលានេះ គឺបានចែករំលែកពីបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមកជុំវិញបញ្ហាប្រឈមនានា។

ទន្ទឹមនឹងនេះ ការអនុវត្តគម្រោងភាពធន់សហគមន៍ទាំងអស់នេះ គឺចាំបាច់ត្រូវផ្តោតលើកម្លាំងនៅមូលដ្ឋានដ៏រឹងមាំ ជាពិសេសគឺភាពជាអ្នកដឹកនាំរបស់មូលដ្ឋាន ដូចពាក្យស្លោកថា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ក៏ដូចជាការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ៕