(ភ្នំពេញ)៖ ក្រុមក្មេងទំនើងដែលប្រើដុំថ្ម​គប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ចំនួន១២នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

យោងតាមរបាយការណ៍ដែលបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំង១២នាក់នេះ មានស្ដ្រីម្នាក់ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា ក្នុងនោះ រួមមាន៖

*ករណីទី១៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។

*ករណីទី២៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចគល់ស្ពានស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។

ក្នុងនោះដកហូតបាន ផ្លាកលេខម៉ូតូចំនួន៣, កាំបិតប៉័ងតោចំនួន១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ចំនួន១ដើម, ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូចំនួន៧គ្រឿង។ ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ម៉ូតូនៅខណ្ឌមានជ័យចំនួន២ករណីថែមទៀត។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕