(កំពត)៖ នៅល្ងាចថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិធី​បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត។

ពិធីបុណ្យសមុទ្រត្រូវ​បានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារ ធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍​ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា​ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើន។

ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង​២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើង​វិញ​នៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបាន​យក​ឈ្នះ​​លើ​ការ​រាតត្បាតជំងឺកូវីដ១៩។

បុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធាន​បទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ។

សូមស្តាប់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកពិធីបុណ្យ​សមុទ្រលើកទី១១ នៅខេត្តកំពត៖