(កំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗនៅខេត្តកំពត ពិសេសការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត និងកំពង់ផែទេសចរណ៍អន្ដរជាតិ។
សារអបអរសារទរ និងការវាយតម្លៃខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងពីលើវេទិកាក្នុងឱកាសអញ្ជើញរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះ យើងបានសម្ពោធនូវសមិទ្ធផលធំៗពីរទាក់ទងវិស័យទេសចរណ៍ ទី១៖ កំពង់ផែពហុបំណងកំពត ដែលជាផែទឹកជ្រៅអាចជួយជំរុញវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ហើយទី២ម្សិលមិញនេះ ជាការសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន កំពង់ផែទេសចរណ៍អន្ដរជាតិ ដែលជាការធ្វើការរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៉ី»។
ទន្ទឹមនឹងសមិទ្ធផលថ្មីៗនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកឡើងវិញនូវការលើកឡើងមួយចំនួនពាក់ព័ន្ធកំពង់ផែនេះ ដោយបង្ហាញនូវការព្រួយបារម្ភថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអាចអភិវឌ្ឍន៍ទៅរួចឡើយប្រៀបដូចជាការបោះលុយចោល ប៉ុន្ដែផ្ទុយទៅវិញ សម្ដេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានសិក្សាគិតគូរច្បាស់លាស់ណាស់ មុននឹងសម្រេចចិត្តសាងសង់នូវកំពង់ផែនេះ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កំពង់ផែថ្មីនេះ នឹងជំរុញបន្ថែមក្នុងការតភ្ជាប់ខេត្តកំពត ជាមួយខេត្តផ្សេងទៀតតាមផ្លូវទឹក និងបណ្ដាប្រទេសនានាផងដែរ។ ជាក់ស្ដែង បន្ទាប់ពីសម្ពោធភ្លាមៗនៅថ្ងៃទី១២ ខែធ្នូម្សិលមិញ ក៏មាននាវាទេសចរណ៍ថៃមួយគ្រឿង ដែលជានាវាដំបូងគេបានចូលចត នៅកំពង់ផែទេសចរណ៍អន្ដរជាតិនេះ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពត ដែលសហការគ្នាបានយ៉ាងល្អ ដើម្បីឲ្យសមិទ្ធផលសំខាន់ៗ ពិសេសបម្រើឲ្យវិស័យទេសចរណ៍លេចចេញជារូបរាងឡើង។
សូមជម្រាបថា បច្ចុប្បន្ននេះ ខេត្តកំពត ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលផងដែរ ដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅលេងកម្សាន្ដនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកនានា។ ការសម្រុកទៅលេងកម្សាន្ដនៅខេត្តប៉ែកនិរតីនេះ ដោយសារតែការរៀបចំនូវផលិតផលទេសចរណ៍ថ្មីៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីផ្ដល់ជម្រើសកាន់តែសំបូរដល់ប្រជាពលរដ្ឋ៕