(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ ថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ និងរដ្ឋបាលខេត្តកំពត ដែលបានរៀបចំកម្មវិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត ប្រកបដោយជោគជ័យ និងរលូនតាមការគ្រោងទុក និងបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រលើកទី១១ ជុំទី៣ នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា« ខ្ញុំសូមចូលរួមអបអរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពត ដែលបានចូលរួមសហការរៀបចំបុណ្យសមុទ្រនេះឡើងបានយ៉ាងល្អ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណចំពោះការចូលរួមពីបណ្តាមិត្តអន្តរជាតិ បណ្តាស្ថានទូតតាមប្រទេសនានា ដែលមានស្តង់តាំងបង្ហាញ រួមទាំងមានក្រុមរបាំបានចូលរួមផងដែរ ដែលនេះបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទេសចរណ៍គឺធ្វើឡើងពីការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងខេត្តផ្សេងៗគ្នា និងការតភ្ជាប់ជាមួយប្រជាជននៃប្រទេសផ្សេងៗគ្នា ហើយវប្បធម៍ សិល្បៈ និងទេសចរណ៍នេះគឺជាកិច្ចការសំខាន់ណាស់ ដែលកម្ពុជាបានយកចិត្តទុកដាក់នៅក្នុងការតភ្ជាប់ និងការជំរុញ ដូចនេះការរៀបចំបុណ្យសមុទ្រនេះ មានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិគឺជាកិច្ចការសំខាន់ណាស់។
សូមបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
បុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងច្រើនដល់វិស័យទេសចរណ៍កម្ពុជា៖
ទី១) ផលប្រយោជន៍ក្នុងការផ្សព្វផ្សាយ៖ ការផ្សព្វផ្សាយពិតជាមានភាពចាំបាច់ និងសំខាន់ខ្លាំងណាស់ បើយើងមានរបស់ល្អផលិតផលល្អ តែយើងមិនបានផ្សាយ ពិតណាស់មិនមានការដឹងជ្រួតជ្រាបទូលំទូលាយទេ។ ជាក់ស្តែងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមផលិតផលទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលកម្ពុជារបស់យើងមានសក្តានុពល។ សាធារណជនព្រមទាំងទេសចរទាំងអស់ ដែលបានឃើញ និងបានចូលរួមដោយផ្ទាល់ ពិតជាមានភាពសប្បាយរីករាយ និងជួយផ្សព្វផ្សាយអំពីសក្តានុពលឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍កម្ពុជាកាន់តែទូលំទូលាយថែមទៀត។
ទី២) ជួយជំរុញ និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជារួម និងដោយឡែកការអភិវឌ្ឍផ្ទាល់នៅមូលដ្ឋានទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យទេសចរណ៍។
ទី៣) ពង្រឹង និងការលើកកម្ពស់គុណភាពសេវាកម្មនានា ក្នុងឧស្សាហកម្មទេសចរណ៍ សំដៅពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ទី៤) ផលប្រយោជន៍សេដ្ឋកិច្ច៖ ការរៀបចំឱ្យមានព្រឹត្តិការណ៍ គឺជាការចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។ មានព្រឹត្តិការណ៍ មានទេសចរ មានប្រជាពលរដ្ឋកុះករ ចូលរួមអបអរ ធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរ យើងទទួលបាននូវផលចំណេញទាំងអស់គ្នា ជាពិសេស គឺប្រាក់ចំណូលនៅមូលដ្ឋានផ្ទាល់ ទាំងអ្នកប្រកបរបររកទទួលទានដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ និងបងប្អូនប្រកបរបរប្រយោលផ្សេងៗទៀត ដែលអាចរួមចំណែកប្រាក់ចំណូលលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕
៧៖០៧៖០០ ដល់ ១៖០៩៖២១