(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ នឹងធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើង។
ការលើកឡើងរបស់លោកនេះ ធ្វើឡើងនាឱកាសដែលលោក និងថ្នាក់ដឹកនាំក្រសួង, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានអញ្ជើញទៅកាន់ឃុំកំពង់ភ្លុក ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទជិត ១០០នាក់ ដែលរស់នៅក្នុងតំបន់នោះ។
នាឱកាសជួបសំណេះសំណាលនេះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា ដំណើររបស់លោក ថ្នាក់ដឹកនាំខេត្ត មន្ដ្រីជំនាញ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មកកាន់តំបន់កំពង់ភ្លុកនាពេលនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីជីវភាព ព្រមទាំងស្ដាប់សំណូមពរទាំងឡាយរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែងជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលលោកអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
សំណូមពរមួយចំនួនដែលបងប្អូនប្រជានេសាទបានលើកឡើង ត្រូវបានលោករដ្ឋមន្ដ្រីចាត់តាំងមន្ដ្រីជំនាញឱ្យសិក្សានិងដោះស្រាយជូនបងប្អូនប្រជានេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យ៉ាងណាក៏ដោយ លោកក៏បានសុំចិត្តបងប្អូនប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ដោយធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល។
បើតាមលោករដ្ឋមន្ដ្រី, ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់ប្រជានេសាទ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕