(អាប៊ុយដាប៊ី, អេមីរ៉ាត់អារ៉ាប់រួម)៖ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោក សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភាប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោកប្រធានសភាអេមីរ៉ាត់អារ៉ាប់រួម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូ។ លោកប្រធានសភា បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នឹងរួមចំណែកពង្រឹង និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកប្រធានសភាប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានបង្ហាញការកត់សម្គាល់ចំពោះប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រទេសបានឆ្លងសោកនាដកម្មដ៏ជូរចត់នៃភ្លើងសង្គ្រាម ហើយបានវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីសន្តិភាពជូនកម្ពុជា។
លោកប្រធានសភា ក៏បានលើកឡើងពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ហើយអ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។ ក្នុងនោះរដ្ឋសភាអេមីរ៉ាត់អារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកប្រធានសភា ចំពោះការអញ្ជើញ និងបដិសណ្ឋាកិច្ចសម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។
សម្តេចតេជោ បានចាត់ទុកថា កិច្ចសន្ទនានាពេលនោះ បានឆ្លុះបញ្ចាំងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។ សម្តេចតេជោ ក៏បានអរគុណ លោកប្រធានសភាអេមីរ៉ាត់អារ៉ាប់រួម ដែលបានរំលឹកពីពលិកម្មរបស់សម្តេច ទាក់ទងអតីតកាល ប្រវត្តិ និងការលំបាកដែលសម្តេចបានឆ្លងកាត់ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបន្ថែមថា ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី ជាង១ឆ្នាំកន្លងទៅនេះ ដើម្បីឱ្យអ្នកបន្តវេណកាន់អំណាច គឺជាការលះបង់របស់សម្តេច ប្តូរនឹងសន្តិភាព និងស្ថិរភាពរយៈពេលវែង។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និង អរគុណចំពោះតួនាទីយ៉ាងសកម្មរបស់សភាអេមីរ៉ាត់អារ៉ាប់រួម នៅក្នុងភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា កន្លងទៅ ដែលបានអនុញ្ញាតឱ្យមានការអនុម័តធម្មនុញ្ញសន្តិភាពសកល ដើម្បីប្រជាជន និងភពផែនដី។
សម្តេចតេជោ សំដែងក្តីពេញចិត្ត ចំពោះគុណភាពនៃទំនាក់ទំនងទ្វេភាគី។ សម្តេចបានបន្តថា កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង មានសក្តានុពលធំធេងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។
សម្តេចតេជោ បានរលឹកថា ក្នុងពេលចុះហត្ថលេខាលើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម សម្តេចនៅជានាយករដ្ឋមន្ត្រី បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាត់ ឱ្យពិនិត្យលទ្ធភាពជំរុញវិនិយោគនៅកម្ពុជា នៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ។ ជាពិសេសអង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀត ដើម្បីនាំចេញទៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ បានលើកឡើងថា ផ្អែកលើបទពិសោធនយោបាយដ៏យូរជាង៤៥ឆ្នាំ សម្តេច យល់ច្បាស់ពីម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់ក្នុងការមានដៃគូពាណិជ្ជកម្មច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជា ត្រូវរក្សាសន្តិភាពឱ្យរឹងមាំ។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងពេលដែលសហភាពអឺរ៉ុប (EU) កំពុងចរចា FTA ជាមួយអាស៊ាន ការចរចា FTA រវាង អាស៊ាន និង GCC គួរត្រូវពន្លឿន និងបញ្ចប់ឱ្យបានឆាប់។ ការចរចារវាង GCC និង អាស៊ាន មានភាពងាយស្រួល ដោយសារគ្មានដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ទាំងពីរ ស្ថិតនៅក្នុងតំបន់អាស៊ីដូចគ្នា។ ប្រទេសសមាជិកអាស៊ាន មានប្រជាជន ជិត៧០០លាននាក់ ហើយប្រទេសសមាជិក GCC ក៏មានច្រើនដែរ។ អង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គួរជំរុញរាជរដ្ឋាភិបាលឱ្យធ្វើការងារនេះ។
ក្នុងជំនួបនេះ សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានផ្លាស់ប្តូរយោបល់ និងទស្សនៈផងដែរ លើស្ថានការណ៍ និងបញ្ហាតំបន់។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ប្រធានរដ្ឋសភាអេមីរ៉ាត់អារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ លោកប្រធានរដ្ឋសភា សូមអរគុណ និងទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់ សម្តេចតេជោ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលវេលាសមស្របណាមួយ។
បន្ទាប់ពីជំនួបពិភាក្សាការងារហើយនោះ នៅល្ងាចថ្ងៃដដែលប្រធានសភាប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរៀបចំពិធីលៀងសាយភោជនទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូ ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ផងដែរ៕