(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកទឹកចិត្ដដល់យុវជន ត្រូវបន្ដខិតខំសិក្សារៀនសូត្រ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ព្រោះថា មានតែចំណេះដឹងទេ ដែលអាចកែ​ប្រែពីជីវភាពលំបាក ឲ្យមានការរីកចម្រើន។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត សាបូ អូហ្សាណូ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ លើកទី៣៥ ជូននិស្សិតជ័យលាភីសរុបចំនួន៤២២នាក់ ស្រី២៧១នាក់ ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

បណ្ឌិត សាបូ អូហ្សាណូ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ដដល់ក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសម្រាប់សង្គមជាតិ [...] មានតែការរៀនសូត្រមួយទេ ដែលអាចកែប្រែនូវអ្វីៗទាំងអស់ បើយើងអត់ចេះ យើងគ្មានចំណេះ យើងនឹងមិនអាចជួយកម្ពុជាយើងបានទេ និងមិនអាចជួយគ្រួសារយើងបានទេ»

ទន្ទឹមគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈងាយស្រួល ដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ឱ្យមានចំណេះដឹង។

បណ្ឌិត សាបូ អូហ្សាណូ បានឲ្យដឹងថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសមិទ្ធិផលធំបំផុតរបស់ប្រទេសជាតិ គឺធនធានមនុស្សនេះឯង។

បណ្ឌិត សាបូ អូហ្សាណូ ​បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានអាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រទេសមានការរីកចម្រើនខ្លាំង ជាបន្តទៅមុខទៀតនោះ ដាច់ខាត និងចាំបាច់បំផុតនោះ ត្រូវមានការចូលរួមចំណែក ផ្តើមចេញពីវិស័យឯកជន ដែលជាផ្នែកមួយ ដែលមានសារសំខាន់។

បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា វិស័យឯកជន គឺជាវិស័យមួយ ដែលមិនអាចកាត់ផ្តាច់បាន ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរបស់យើងគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនេះផងដែរ បណ្ឌិត សាបូ អូហ្សាណូ ក៏សូមផ្តាំផ្ញើដល់ក្មួយៗ និស្សិតជ័យលាភីទាំងអស់ បន្ទាប់ពីបញ្ចប់ការសិក្សានេះទៅ ក្មួយៗត្រូវយកចំណេះវិជ្ជា ដែលបានសិក្សា រួចមកហើយទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ ប្រកបដោយសមត្ថភាពគុណធម៌ សីលធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕