(មណ្ឌលគិរី)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងការស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំប្រវែង ៣ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

នាឱកាសនោះលោកបណ្ឌិត នួន ដាញ៉ិល បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច, ដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទជាដើម។

លោកបណ្ឌិត បានបន្ថែមថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ រាជរដ្ឋាភិបាលបាននឹងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ ការផ្តល់សេវាសង្គមនានាជាច្រើន ជាពិសេសនៅតំបន់ភូមិភាគឥសាន្តនេះជាដើម ដើម្បីធានាបានការរីកចម្រើន, ទាំងខាងសេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌ និងធានាសិទ្ធិទទួលបានការការពារដោយច្បាប់ និងវិធានការសង្គមនានា ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។

លោកបណ្ឌិត នួន ដាញ៉ិល បានបន្តថា ជាក់ស្តែងផ្លូវស្ពាននេះជាដើមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ នេះជាផ្នែកមួយដ៏សំខាន់ដើម្បីបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កលក្ខណៈរស់នៅងាយស្រួលរបស់ប្រជាជន ជាពិសេស ការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។

ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរលោកបណ្ឌិត នួន ដាញ៉ិល និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោកបណ្ឌិត នួន ដាញ៉ិល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១៕