(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែធ្នូឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាប្រចាំស្រុក ដោយមានការអញ្ជើញចូលរួម ពីសំណាក់សមាជិកសមាជិកាគណបក្ស ប្រមាណជាង៤០០នាក់។

ក្រោយពីបានស្តាប់របាយការណ៍ពីស្ថានភាពទូទៅរបស់ស្រុក ក៏ដូចជាស្ថានភាពគណបក្សស្រុក និងសកម្មភាពចលនាស្រ្តីស្រុក ព្រមទាំងបានស្តាប់នូវការអានសេចក្តីសម្រេចសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញប្រគល់សម្រេចក្តីជូនប្រធានក្រុមការងារ និងបានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត។

សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ព្រមទំាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនអង្គពិធី ដោយបានបញ្ជាក់ថាសម្តេចថ្នាក់ដឹកនាំគណបក្សនិងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់សុខទុក្ខនិងជីវភាពប្រជាពលរដ្ឋជាប់ជាប្រចាំ។

សម្តេចប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃជូនស្រ្តីជាអាទិភាពខ្ពស់បំផុត តាមរយៈការលើកឡើងនូវគោលការណ៍ដូចជា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ជួយស្រ្តីគឺជួយខ្លួនឯង ហើយថាបើស្រ្តីបានកាន់តួនាទីកាន់តែច្រើននោះ សង្គមជាតិ ក៏ដូចជាពិភពលោកទំាងមូលនឹងកាន់តែស្រស់បំព្រង។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏ដូចជាអង្គពិធីទំាងមូល បានសម្តែងនូវសេចក្តីអំណរសាទរជាទីបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទើបទទួលបាននូវពានរង្វាន់សតវត្សរ៍អាស៊ី ICAPP និងពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិនិងភពផែនដី ពីសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP)។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់សតវត្សរ៍អាស៊ី ICAPP និងពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក ពីវិទ្យាស្ថានយុទ្ធសាស្រ្តសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ជាមួយគ្នានេះអង្គពិធី ក៏បានអបអរសាទរដែល "ក្រមា" ខ្មែរ ត្រូវបានអង្គការយូណេស្កូបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌមនុស្សជាតិ កាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០២៤ ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគណបក្សស្រុកក៏ដូចជាក្រុមចលនាស្រ្តីស្រុកសម្រេចបាននាពេលកន្លងមក ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់។ សម្តេចបានស្នើដល់ក្រុមការងារ បន្តផ្សារភ្ជាប់ជាមួយជីវភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ចូលរួមដោះស្រាយបញ្ហាជូនម្ចាស់ឆ្នោតបានទាន់ពេលវេលា ស្របតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយពលរដ្ឋ នៅគ្រប់កាលៈទេសៈ ។ សម្តេចបានស្នើដល់ក្រុមការងារបន្តពង្រឹងសាមគ្គីភាព មានសីលធម៌និងស្មារតីទទួលខុសត្រូវលើភារកិច្ចគណបក្សប្រគល់ជូន និងត្រូវខិតខំសិក្សារៀនសូត្រចំណេះដឹងថ្មីៗ ជាប់ជាប្រចាំពិសេសជំនាញបច្ចេកវិទ្យា ដែលមានការរីកចម្រើនឥតឈប់ឈរនោះ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្ស បានតស៊ូនិងលះបង់គ្រប់បែបយ៉ាង រហូតដល់ការយកអាយុជីវិតទៅប្តូរដើម្បីនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋនិងបានស្ថិតនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ។

បេសកកម្មបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ របស់សម្តេចតេជោ ហ៊ុន សែន បានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា ដែលជាមគ្គទេសក៍វ័យក្មេងដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ពោរពេញដោយថាមពល សមត្ថភាពនិងចំណេះដឹង បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៅក្នុងការដឹកនាំប្រទេសជាតិ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០២៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនិងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ។ ដូច្នេះសូមប្រជាពលរដ្ឋទំាងអស់បន្តចូលរួមថែរក្សាការពារឱ្យបានគង់វង្សដើម្បីការរីកចម្រើនរបស់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត។ ការទទួលបានសុខសន្តិភាពជារឿងលំបាកណាស់ តែបើយើងធ្វេសប្រហែស ជឿតាមការញុះញង់ ភូតកុហកពីក្រុមជ្រុលនិយមក្រៅច្បាប់នោះ អ្វីៗនឹងបាត់បង់។

សម្តេចបានបន្តថាពិភពលលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ប្រែប្រួលឆាប់រហ័សមិនទៀងទាត់ ដោយសារការធ្លាក់ចុះនូវសណ្តាប់ធ្លាប់សកល ហើយអំពើហិង្សានិងសង្រ្គាមបានផ្ទុះឡើងនៅច្រើនតំបន់ ក្នុងពេលដែលកម្ពុជាមានសន្តិភាពពេញបរិបូណ៌ ដែលបានមកពលីកម្មយ៉ាងធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន មគ្គទេសក៍សន្តិភាពនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួចឱ្យពលរដ្ឋរួមគ្នាបន្តេថែរក្សាសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។ សូមកុំចាំដល់ពេលបាត់បង់សន្តិភាពទើបនាំគ្នាស្វែងរកនោះ អ្វីៗប្រាកដជាហួសពេលហើយ៕