(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង និងលោក ឆាយ ចែង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធី កាសបញ្ចូលសមាសភាពសមាជិកសមាជិការដែលអញ្ជើញមកពីគណបក្សនយោបាយដទៃថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។

នៅក្នុងឱកាសនោះ លោកបានជំរុញបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រធានគណបក្សប្រជាជនគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ ជីវភាព ការគោរពស្រឡាញ់ និងថែរក្សាសមាជិកសមាជិកា ដែលបានមករួមរស់ជីវភាពនយោបាយនៅក្នុងពេលនេះឲ្យបានកាន់តែល្អ កក់ក្តៅ និងស្និទ្ធស្នាលបំផុត។

ទន្ទឹមនឹងនេះលោកបានណែនាំដល់អាជ្ញាធរភូមិឃុំ និងជំនាញពាក់ព័ន្ធ ត្រូវបង្កើនគុណភាពសិទ្ធិភាពការងារការដោះស្រាយរាល់បញ្ហាប្រឈមនានា តម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរ និងឆាប់រហ័សបំផុត និងបានអំពាវនាវដល់យុវជនត្រូវ ខំសិក្សារៀនសូត្រ ជាពិសេសគាំទ្រថែរក្សាការពារគណបក្សប្រជាជនកម្ពុជា ឲ្យបានផុសផលថែមទៀត។

លោក ឆាយ ចែង បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលសម្តេចតែងតែគិតគូ យកចិត្តទុកដាក់ដល់សុខទុក ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនដែលបាន ផ្តាច់ខ្លួនពីគណបក្សផ្សេង មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងពេលនេះ គឺលោកបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវការប្ដេជ្ញាចិត្តមករួមរស់ជាមួយគ្នានៅពេលនេះ។

លើសពីនេះ ក្នុងនាមសម្ដេចតេជោ លោកបានអំពាវនាវប្រជាពលរដ្ឋក្នុងស្រុកស្ទោង សូមកុំចាញ់បោកការញុះញង់របស់ក្រុមអគតិ និងរបស់ក្រុមជ្រុលនិយមក្បត់ជាតិ ដែលតែងតែបំភ្លេចបំផ្លាញគណបក្សប្រជាជន និងប្រទេសកម្ពុជា ជាពិសេសសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា ការបញ្ចូលសមាជិកសមាជិកានៅពេលនេះ គឺមានចំនួន១៨៦នាក់៕