(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានថា មានករណីលក់ និងប្រើប្រាស់គ្រឿងញៀននៅចំណុចអគារស្នាក់នៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំភី ចាំលាង ហៅ ឃីង អាយុ២៨ឆ្នាំ ជនជាតិថៃ ព្រមទាំងឆែកឆេររកឃើញថ្នាំញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៧ថង់, ទូរស័ព្ទ៥គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច, ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕