(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហួត អាយុ៤៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីរំលោភលើទំនុកចិត្ត កាលពីវេលាម៉ោង ៨៖៣០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេខ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ ផេង ហៅប៊យ អាយុ១៩ឆ្នាំ។
ក្រោយទទួលបានពាក្យបណ្តឹង, លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះស្រាវជ្រាវរហូតឈាឈានដល់ការ ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១២ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រួមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដា PCX មួយគ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវីធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូម៉ូតូរបស់ជនរងគ្រោះជិះ ហើយយកទៅលក់បានប្រាក់ចំនួន៣៥០ដុល្លារ ហើយស៊ីចាយអស់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕