(ព្រះសីហនុ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា សុខភាពភ្នែកមានសារៈសំខាន់ណាស់ក្នុងការជួយអភិវឌ្ឍ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពនៃជីវិតរបស់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសសសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងអង្គការដៃគូ ត្រូវរួមគ្នាបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការពង្រឹងចំណេះជំនាញ បច្ចេកទេស និងបទពិសោធន៍ថ្មីៗ និងបង្កើនការអប់រំសុខភាពភ្នែក ជូនដល់ប្រជាពលរដ្ឋ ឱ្យមានការយល់បន្ថែមទៀត ពីការថែទាំសុខភាពភ្នែកនេះ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា» នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលប្រព្រឹត្ដទៅលើទឹកដីខេត្ដព្រះសីហនុ ដែលរៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវមកធ្វើបទបង្ហាញ ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និងបង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេសជឿនលឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក សមាជិកា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ដថា «សុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលផ្នែកចក្ខុសាស្រ្ត ជាមុខវិជ្ជាដ៏មានសារៈសំខាន់ក្នុងសុខភាពសាធារណៈ ជាផ្នែកមួយនឹងធ្វើឱ្យមានការបម្រែបម្រួលជីវីតក្នុងការរស់នៅ។ ដូច្នេះសូមបង្កើនកិច្ចសហការ និងសហប្រតិបត្តិការគាំទ្រពីដៃគូ ក្នុងការជួយពង្រឹងលើហេដ្ឋារចនាម្ព័ន្ធ សម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេស ការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសូមពិនិត្យលទ្ធភាពក្នុងការជំរុញលើកទឹកចិត្ត ឱ្យមានជំនាញចក្ខុរោគ មន្ទីរពេទ្យនៅតាមបណ្តាខេត្ត ដោយត្រូវជំរុញឱ្យការជ្រើសរើសជំនាញផ្នែកចក្ខុសាស្រ្ត ក្នុងចំណោមជំនាញផ្សេងៗ»។

ត្បិតណាស់ថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ប៉ុន្ដែដើម្បីឆ្លើយតប និងបម្រើសេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត លោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីបានណែនាំដល់សមាគម ត្រូវជួយគាំទ្រ ដល់អ្នកជំនាន់ក្រោយ ដោយថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវមានស្មារតីទទួលខុសត្រូវ លូកចាប់កាន់ ហិតដោយផ្ទាល់ ដើម្បីស្វែងយល់ពីការពិត និងភាពច្បាស់លាស់នៃទំហំការងារ។

លើសពីនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវរួមគ្នាយកចិត្តទុកដាក់ ក្នុងការពង្រឹងការលើកកម្ពស់សុខភាពភ្នែកនៅកម្ពុជា ដោយ៖

* ត្រូវបន្តគោរពនូវក្រមសីលធម៌វិជ្ជាជីវ:គ្រូពេទ្យ និងប្រតិបត្តិតាមការណែនាំបទដ្ឋាននានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនរើសអើង ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងការទទួលខុសត្រូវ។

* បន្តអភិវឌ្ឍន៍បន្ថែមនូវចំណេះដឹង បច្ចេកទេស បទពិសោធថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺឱ្យកាន់តែប្រសើរឡើង ទាន់ពេលវេលាស្របតាមការរីកចម្រើន និងការវិវឌ្ឍផ្នែកបច្ចេកវិទ្យាក្នុងពិភពលោក។

* ជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត ធ្វើបទបង្ហាញ និងបោះពុម្ពផ្សព្វផ្សាយ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។

* ជួយបណ្តុះបណ្តាលជំនាញថ្មីៗ ដែលមិនទាន់មានដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលា បណ្តុះបណ្តាលបន្ត និងការជួយរកអាហារូករណ៍ សម្រាប់សិក្សាជំនាញឯកទេសជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស។

* បន្តផ្សព្វផ្សាយ អប់រំបញ្ហាសុខភាពភ្នែកឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមក្នុងការការពារសុខភាពភ្នែកនៅក្នុងសហគមន៍ និងការស្វែងរកអន្តរាគមន៍ការពិគ្រោះ ព្យាបាលឱ្យទាន់ពេលវេលា។

* ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងស្វែងរកដៃគូ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស ក្នុងការបណ្តុះបណ្តាលបន្ថែមផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស។

ជាចុងក្រោយលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានសមាគម លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យភ្នែកកម្ពុជា សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ជាងនេះទៅទៀតថ្លែងអំណរគុណដល់ការចូលរួមគាំទ្រពីបណ្តាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យសុខភាពភ្នែក ដែលឧបត្ថម្ភគាំទ្រ សហការជាមួយសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងការអភិវឌ្ឍន៍សុខភាពភ្នែកនៅកម្ពុជា៕