(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស អនុប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីយកចិត្តទុកដាក់ប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ បើទោះបីជាសិស្សៗមានកាយសម្បទារមិនដូចគេ តែប្អូនៗ និងក្មួយៗ មិនត្រូវអស់សង្ឃឹម ឬបោះបង់ខ្លួនឯងឡើយ ព្រោះមានតែចំណេះវិជ្ជាតែមួយមុខគត់ ដែលអាចនាំយើងសម្រេចបានគោលដៅជីវិតមួយល្អប្រសើរនាពេលអនាគត។
ការលើកទឹកចិត្តពីសំណាក់លោកស្រី ដោ សម្ផស្ស បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈលោកស្រីអញ្ជើញតំណាងឱ្យលោកស្រី ជា ស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ ក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារ នៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិកាសកម្ម នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។
លោកស្រី ដោ សម្ផស្ស បានបន្តថា«ប្អូនៗ ក្មួយៗដែលជាសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ នឹងមានកម្មវិធីបំណិនជីវិតមួយចំនួន ដែលខាងសមាគមនឹងសហការជាមួយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំជូនជាបន្តបន្ទាប់ ដូចជា៖ ធុរកិច្ចភេសជ្ជៈ ការកែច្នៃបន្លែ និងផ្លែឈើ វិជ្ជាធ្វើម្ហូបខ្មែរ សាឡន ការបត់ផ្កាក្រដាស សេវាកម្មកុំព្យូទ័រ និងក្រាហ្វិកឌីហ្សាញជាដើម»។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ឧត្តមភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង និងមិនប្រកាន់និន្នាការណាមួយឡើយ ដោយកាលពីខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត បានផ្តួចផ្តើមបង្កើតឱ្យមានកម្មវិធី សប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា មានឈ្មោះថា យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដែលបានអនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងផុលផុស ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកស្រីបន្តថា យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធំៗ ចំនួន ៤ រួមមាន៖
១-ដើម្បីជួយដល់សង្គម ដោយធ្វើការបរិច្ចាគសម្ភារដែលប្រើប្រាស់រួច តែនៅមានគុណភាពល្អបន្តទៅ ដល់អ្នកខ្សត់ខ្សោយ ដែលមានតម្រូវការ។
២-ដើម្បីបំផុសការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ និងខ្មែរ ដើម្បីខ្មែរ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។
៣-ដើម្បីសង្គមជាតិយើងកាន់តែមានភាពប្រសើរឡើង ដើម្បីជួយដល់បរិស្ថាន។
៤-ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ក្នុងការកែច្នៃប្រើប្រាស់ឡើងវិញ ជួយដល់អ្នកដែលខ្វះខាត ដោយពុំចាំបាច់ចំណាយថវិកាទិញសម្ភារៈថ្មី។
តាមរយៈការអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» លោកជំទាវបណ្ឌិតបានឱ្យសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នាំយកនូវអំណោយដែលទទួលបានពីសប្បុរសជន ហើយបានយកមកចែកជូនពេលនេះ រួមមាន៖ សម្លៀកបំពាក់ចំនួន ២១៣កញ្ចប់ និងនំប៉័ងចំនួន ២៣០កញ្ចប់ និងសៀវភៅពុម្ភភាសាខ្មែរ ភាសាអង់គ្លេស និងក្តារខៀនមួយចំនួនទៀត ប្រគល់ជូនលោកគ្រូនាយក ដើម្បីចាត់ចែងបន្ត និងបានឧបត្ថមថវិកាជូនវិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មីនេះ ចំនួន១លានរៀលទៀត៕