(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងផ្ដល់ការអនុគ្រោះដល់និស្សិតដែលខ្វះខាតថវិកាបង់ការសិក្សា ប៉ុន្តែពួកគេត្រូវបំពេញឱ្យគ្រប់លក្ខខណ្ឌដើម្បីទទួលសញ្ញាបត្រផងដែរ។

លោកបណ្ឌិត បានបញ្ជាក់ថា លក្ខខណ្ឌដែលត្រូវបំពេញនោះ មានដូចជាលក្ខខណ្ឌនៃការសិក្សា លក្ខខណ្ឌវិន័យ សណ្ដាប់ធ្នាប់ ចរិតឫកពារបស់និស្សិត លក្ខខណ្ឌនៃការបង់ប្រាក់ជាដើម។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីករណីនិស្សិតម្នាក់ដែលខកខានបង់ប្រាក់១ឆ្នាំ កាលពីអំឡុងផ្ទុះកូវីដ១៩។ ក្រោយមកនៅឆ្នាំ២០២៤នេះ និស្សិតនោះបានមកដកសញ្ញាបត្រ ហើយបានបញ្ជាក់ថា បានបង់ប្រាក់រួចរាល់ ប៉ុន្តែពុំមាននៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ធនាគារដៃគូរបស់សាលាឡើយ។

លោក បានបន្តថា និស្សិតនោះពុំមានវិកិ្កយបត្រដើម្បីបញ្ជាក់នោះទេ ហើយក៏បានយល់ព្រមបង់ប្រាក់ម្ដងទៀត ក្រោយមានការសម្របសម្រួលពីមន្ត្រីរបស់សាលា ប៉ុន្តែស្រាប់តែនិស្សិតនោះចេញវីដេអូចោទប្រកាន់សាលា ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះសាលា និងបង្កការយល់ច្រឡំដល់សាធារណជនដទៃទៀត៕

សូមស្ដាប់ការបញ្ជាក់របស់លោកបណ្ឌិត ជេត ជាលី ដូចខាងក្រោម៖