(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាង៦០រូបមកពីជាង៣០ស្ថាប័ន នៅព្រឹកថ្ងៃអាទិត្យនេះ បានចេញដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំ ចេញពីទឹកដីខេត្តឆ្នេរសមុទ្រមួយនេះ ទៅកាន់តំបន់និងពិភពលោក។

បេសកកម្មនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)។ ក.អ.ក បានរំពឹងថា អត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា «បេសកកម្មលើកនេះផ្តោតទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ស្ថានភាពសន្តិសុខ តំបន់កសិឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ពិសេសក៏ដូចជាការរកដំណោះស្រាយលើសំណង់អគារដែលជាប់គាំង»

នេះជាបេសកកម្មលើកទី៦របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៅតាមខេត្តនានា រួមទាំងខេត្តកែប សៀមរាប និងខេត្តពោធិ៍សាត់។

ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថាទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិ៕