(កំពត)៖ ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ដែលទាំងអ្នកលក់-អ្នកទិញជាតិនិងអន្តរជាតិ ត្រូវបានរៀបចំឡើងនាឱកាសបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត។
ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក Nathapong Sangonchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងតំណាងអាជីវកម្មទេសចរណ៍ក្នុងស្រុក សរុបចំនួនប្រមាណ២០០នាក់ នៅសណ្ឋាគារ Good Times Resort & Hotel ខេត្តកំពត។
បើតាមក្រសួងទេសចរណ៍ ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជានេះ ធ្វើឡើងដើម្បីជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត តាមរយៈការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា៕