(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ ជាការសន្សំប្រាក់ឱ្យកូន នាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលវែង។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាកំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។

លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើន ក្នុងខេត្តកំពង់ធំ ពីសំណាក់លោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ (ដោយឯកឧត្តម បានទទួលមរណៈភាពកាលពីចុងខែតុលាកន្លងទៅ) ក្នុងនោះមានការកសាងអគារសិក្សាជាច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដូចដែលមានក្នុងរបាយការណ៍ ខណៈបច្ចុប្បន្នក្នុង១ឃុំ យ៉ាងហោចណាស់ក៏មានអនុវិទ្យាល័យ១ ហើយឃុំខ្លះ មានចំនួន២ ហេតុដូច្នេះក្មួយៗ មិនបាច់ធ្វើដំណើរទៅរៀនឆ្ងាយពីផ្ទះទៀតទេ ។

លោកស្រីបណ្ឌិត ជា សិរី បានអបអរសាទរចំពោះលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនៅខែតុលា ឆ្នាំ២០២៤ ដែលនៅស្រុកសន្ទុក មានបេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន៥២៧រូបកើនឡើងប្រមាណ១៦% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះវិទ្យាល័យកំពង់ថ្ម មានក្មួយៗចំនួន៣រូប ស្រី២រូប ទទួលបាននិទ្ទេសA។

លោកស្រីបណ្ឌិតបានបន្ដថា លទ្ធផលប្រសើរដែលសម្រេចបានទាំងនេះ គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែង ទាំងរាជរដ្ឋាភិបាល គណៈដឹកនាំសាលា មាតាបិតាសិស្ស និងសិស្សផ្ទាល់ខ្លួន លើការពង្រឹងការសិក្សាតាំងពីថ្នាក់ បឋមសិក្សាឡើងទៅ ដែលមានគុណភាពកាន់តែល្អជាលំដាប់ ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា សាលាបឋមសិក្សាកំពង់ថ្ម គឺជាថ្នាលសិក្សាមូលដ្ឋានមួយដ៏សំខាន់ ដែលបានចូលរួមចំណែក សម្រេចបានលទ្ធផលខាងលើនេះ តាមរយៈការពង្រឹងការបណ្តុះបណ្តាល ដល់ក្មួយៗសិស្សានុសិស្ស ជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ប្រកបដោយគុណភាព ហើយនាពេលនេះថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានជួយជួសជុលអគារសិក្សា១ខ្នង ៥បន្ទប់ ដែលទទួលរងនូវការខូចខាតយ៉ាងដំណំ។

លោកស្រីបណ្ឌិត ជា សិរី បានសម្រេចឱ្យជួសជុលកែលម្អ ទ្វារ បង្អួច ចាក់សាប ជួសជុលដំបូល និងលាបថ្នាំឡើងវិញ ព្រមទាំងផ្តល់តុសិស្សថ្មី ចំនួន៥០តុបន្ថែម សម្រាប់ធានានិរន្តរភាពនៃការសិក្សា។ បន្ទាប់ពីការកែលម្អជាស្ថាពរ ក្មួយៗ អាចផ្តោតលើការសិក្សាបានកាន់តែល្អថែមទៀត ប្រកបដោយសុវត្ថិភាព និងភាពស្រស់ស្រាយ ធ្វើឱ្យក្មួយៗចង់បន្តការសិក្សាទៅមុខឱ្យបានវែងឆ្ងាយ ។

លោកទេសាភិបាល បានបញ្ជាក់ថា «ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាព ឱ្យរួចផុតពីភាពក្រីក្រ ដោយប្រសិទ្ធភាព ដូចពាក្យស្លោកមួយពោលថា ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែក ទាល់តែរៀបចំពីថ្ងៃនេះ។

លើសពីនេះការបញ្ជូនកូនមករៀន ក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលវែង ដោយសារក្មួយៗកំពុងសិក្សានាពេលនេះ នឹងក្លាយជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយគុណភាព ក្នុងវិស័យនានា ហើយក្មួយៗក៏អាចក្លាយជាថ្នាក់ដឹកនាំ នាពេលអនាគតទៀតផង ដោយក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ស្ត្រីបានទទួលតំណែង និងការទទួលខុសត្រូវកាន់តែសំខាន់ទាំងវិស័យសាធារណៈ និងឯកជន ។

លោកស្រីបណ្ឌិត ជា សិរី បានលើកទឹកចិត្តឱ្យមាតា បិតា និងអាណាព្យាបាល ទាំងអស់ត្រូវបញ្ជូនកូនចៅ មកសាលារៀន ជួយលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យកូនៗ បានបន្តការសិក្សាទាំងកូនប្រុស និងកូនស្រី ជាពិសេសការបញ្ជូនកុមារីមកសាលារៀន ដើម្បីទទួលបានការសិក្សាអប់រំ ឱ្យបានពេញលេញ ដោយសារស្ត្រី ពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍសង្គមខ្មែរយើង ក៏ដូចជាលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ៕