(ភ្នំពេញ)៖ លោក សុខ ពេញវុធ សមាជិកគណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មី ជំនួសលោក នួន ផារ័ត្ន ដែលទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំគណបក្ស ឱ្យទៅទទួលតួនាទី ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទាមទារអោយយុវជនរបស់យើង ពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។ សំរាប់ថ្ងៃនេះ លោក សុខ ពេញវុធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញថ្មី ដើម្បីបន្តនូវនិរន្តរភាពនៃការងារ ដឹកនាំអង្គការចាត់តាំងយុវជនគណបក្សថ្នាក់រាជធានី បន្ទាប់ពីប្រធានក្រុមការងារយុវជនគណបក្សរាជធានីចាស់ គឺលោក នួន ផារ័ត្ន ទទួលបានការផ្តល់សេចក្តីទុកចិត្តពីសំណាក់ថ្នាក់ ដឹកនាំគណបក្ស ឱ្យទទួលតួនាទី ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កន្លងទៅនេះ។
លោក ឃួង ស្រេង ក៏បានធ្វើការផ្តាំផ្ញើលោក សុខ ពេញវុធ ដែលបានតែងតាំងថ្មីនេះ ត្រូវបន្តរក្សាសន្តិភាពអោយបានគង់វង់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិអោយរីកចំរើនបន្ថែមទៀត គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ បន្តពិនិត្យតាមដាន និងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ដាច់ខាតចំពោះចលនាបដិវត្តពណ៌ យកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រឹកយុវជនបក្ស ដូចពាក្យស្លោកថា ពង្រីកដល់ណា ពង្រឹងដល់នោះ។
បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានលើកឡើងថា រាជធានីភ្នំពេញ មានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ រាជធានី ខណ្ឌទាំង១៤ សង្កាត់ ទាំង១០៥ រហូតដល់ចំនួន ៣១,៥៦៧រូប ដែលក្រុមការងារយុវជនគណបក្សទាំងនេះត្រូវបានបែងចែក តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីអោយបក្សមានភាពរឹងមាំ។ បើអង្គការចាត់តាំងដ៏រឹងមាំ នោះគណបក្សប្រជាជនកម្ពុជាក៏រឹងមាំដែរ។
លោកបានបន្តថា ២៦ឆ្នាំនេះ យើងបានបណ្តុះបណ្តាលយុវជនជាច្រើន ដោយសារកម្ពុជាមានសន្តិភាពពេញលេញ។ គុណភាពយុវជនបក្សជាគុណសម្បត្តិ ដែលនាំអោយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ។
បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានបន្តទៀតថា អំពើល្អរបស់មន្ត្រីបក្សនិងការអនុវត្តនៅអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» បានធ្វើអោយគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។
លោក សុខ ពេញវុធ បានធ្វើការប្តេជ្ញាចិត្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ប្តេជ្ញាពង្រឹង និងពង្រីកយុវជនបក្សអោយបានជាប្រចាំ ពង្រឹងនិងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធ និងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍយុវជនអោយកាន់តែប្រសើរឡើង៕