(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ឡើងវិញ ស្ពានឬស្សីឆ្នេរកោះប៉ែន ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងណែនាំដល់ម្ចាស់រមណីយដ្ឋាន ឲ្យកែលម្អសោភ័ណភាព និងបន្តពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ផងដែរ ។

បើតាម លោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរកោះប៉ែន ស្ពានឬស្សី ដែលតភ្ជាប់ពីត្រើយម្ខាងក្រុងកំពង់ចាម ទៅឆ្នេរកោះប៉ែន មានប្រវែង ១ ០៦៨ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់សម្រេចបាន ៨០% ហើយ ។

លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ទន្ទឹមនឹងការសាងសង់នេះដែរ អភិបាលខេត្តកំពង់ចាម បានណែនាំ ឱ្យរៀបចំតុបតែងស្ពាន ដូចជាការដាក់ទង់ជាតិ និងធ្វើកន្លែងសម្រាប់ថតសែលហ្វី និងដាក់ស្លាកប៉ាណូ 3D មួយ ដើម្បីបង្ហាញអំពីទិដ្ឋភាពរមណីយដ្ឋាន ជូនដល់ភ្ញៀវទេសចរបានដឹង ។

ម្ចាស់រមណីយដ្ឋានដដែល បានឲ្យដឹងផងដែរថា កន្លងមក រមណីយដ្ឋានឆ្នេរកោះប៉ែន បានរៀបចំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនភ្ញៀវទេសចរ បានល្អប្រសើរ ពោលគឺ មិនដែលមានបញ្ហាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍នោះឡើយ។ រីឯការលក់ដូរម្ហូបអាហារនៅលើឆ្នេរកោះប៉ែននេះ គឺតម្រូវឲ្យអ្នកលក់រក្សាស្ថេរភាពតម្លៃ បើទោះជាថ្ងៃធម្មតា ឬថ្ងៃមានបុណ្យជាតិក៏ដោយ ៕