(ព្រៃវែង)៖ ស្នាក់ការគណៈកម្មកាធិការបក្សស្រុកស៉ីធរកណ្ដាល នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោកយូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញជាអធិបតីពីធីសំណេះសំណាលបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៩៨នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា ក្នុងមូលដ្ឋានថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្ត។

កម្មវិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, លោក ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការបក្សខេត្ត លោក ឡី សុខុន អនុប្រធានចលនាកសាងគណបក្សនៅតាមមូលដ្ឋានរាជធានីខេត្ត, លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាច្រើនរូបទៀត ដោយមានការចូលរួមពីអតីតសមាជិក-សមាជិកា ចំនួន២៩៨នាក់ មកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សភ្លើងទៀនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត។

ទាំង២៩៨នាក់ មកពីគណបក្សប្រឆាំងផ្សេងៗ បានឡើងធ្វើការចាប់អារម្មណ៍ និងបង្ហាញការយល់ឃើញថា គណបក្សចាស់របស់ពួកគេ ជាគណបក្សដែលគ្មាននយោបាយច្បាស់លាស់ក្នុងការកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា មានតែភូតផងកុហកបោកប្រាស់ ធ្វើប្រជាពិថុតិជាមួយប្រជាជន ដើម្បីតែផលប្រយោជន៍បក្សពួកខ្លួន ខុសពីគណបក្សប្រជាជនកម្ពុជា ដែលមានមាគ៌ានយោបាយដ៏ត្រឹមត្រូវ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពួកគេ បានឃើញច្បាស់នៅសកម្មភាព និងមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា មួយគត់ដែលមានឧត្តមមគតិស្នេហាជាតិ និងគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ ដូច្នេះ សូមគាំទ្រទាំងស្រុងនៅកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់បក្សប្រជាជនកម្ពុជា។

អតីតសមាជិកបក្សប្រឆាំ បានប្តេជ្ញាថា៖

១៖ ខិតខំប្រឹងប្រែងឲ្យត្រឹមត្រូវនៅកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។
២៖ កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយយកកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន។
៣៖ ថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ថែរក្សាការសម្ងាត់របស់បក្ស ជានិច្ចការជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។
៤៖ ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
៥៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងណែនាំ ដឹកនាំបងប្អូនញាតិមិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជំនះជារៀងរហូត។

លោក យូ សិរីវុឌ្ឍ ថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បន្តការអភិវឌ្ឍដល់សេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន។ លោកបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមានមតិសំណេះសំណាលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកសមាជិកា អតីតគណបក្សប្រឆាំងនានា ២៩៨នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

ក្នុងឱកាសនោះផងដែរ លោក ស្បោង សារ៉ាត បានឡើងស្វាគមន៍គណៈអធិបតី និងថ្លែងអំណរគុណចំពោះវត្តមាន ប្រធានអនុប្រធានគណៈប្រតិភូក្រុមចលនាកសាងគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានី-ខេត្ត ដែលបានអញ្ជើញចូលរួមជាអធិបតីកម្មវិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ២៩៨ នាក់ នៅសាលស្នាក់ការគណៈកម្មាធិការបក្សស្រុកស៉ីធរកណ្ដាល។

លោក ស្បោង សារ៉ាត ថា ប្រទេសកម្ពុជាមានការអភិវឌ្ឍនិងរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក សូមស្វាគមន៍សមាជិកថ្មី មកពីគណបក្សប្រឆាំងនានា បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ បើគិតរយៈពេល ដែលបញ្ចូលលើកនេះទៀត សរុបបានចំនួន ១៥៩៧ នាក់ ដែលជាតួលេខរួមនៅក្នុង ៩ ក្រុង/ស្រុក ប្រហែលជានៅខ្វះជាង ២០០ នាក់ទៀត ដែលមិនទាន់បានចូលរួម៕