(ភ្នំពេញ)៖ ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING CITY) ក្នុងរាជធានីភ្នំពេញ មនុស្សប្រមាណ ២ពាន់នាក់ បានជួបជុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងក្នុងបុព្វហេតុមនុស្សធម៌រៃអង្គាសថវិកាជួយអង្គការគ្រួសារ គាំទ្រការអប់រំជនមានពិការភាព។
ក្នុងព្រឹត្តិការណ៍នេះ លោកស្រី ហេង សុខា បានដឹកនាំក្រុមរត់ប្រណាំងដែលជាគណៈគ្រប់គ្រង និងនិយោជិតរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង និងក្រុមហ៊ុនញាតិសម្ព័ន្ធ សរុបជាង១៣០នាក់ផងដែរ។
ព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ដើម្បីអនាគត មានចម្ងាយផ្លូវ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី ING CITY ស្ថិតនៅភូមិសាស្ត្រ ខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការរត់ប្រណាំងនេះ ចាប់ផ្ដើម និងបញ្ចប់ការរត់នៅលើមហាវិថី ឈុន គង់ ត្រង់ចំណុចផ្សារទំនើបអុីអនមានជ័យ និងរត់កាត់លើមហាវិថីសម្ដេច ហ៊ុន សែន ផងដែរ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបប្រមាណពីរពាន់នាក់ មានចំនួនច្រើនជាងឆ្នាំ២០២៣ ដែលមានអ្នកចូលរួមចំនួន ១,២០០នាក់។
ព្រឹត្តិការណ៍រត់ប្រណាំងដើម្បីបុព្វហេតុមនុស្សឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍លើកទី២ហើយ ដែលបានរៀបចំក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING CITY) ដែលត្រូវបានរៀបចំដោយក្លឹប SUSU ក្លឹប KKRC និងក្លឹប SheRuns ដោយទទួលបានការអនុញ្ញាត និងផ្ដល់កិច្ចសហការបច្ចេកទេសពីសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ព្រមទាំងសហការផ្ដល់ទីតាំងរៀបចំដោយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings)។
ថវិកាទទួលបានពីព្រឹត្តិការណ៍នេះ នឹងផ្ដល់ជូនដល់អង្គការគ្រួសារថ្មី ដើម្បីគាំទ្រការអប់រំផ្នែកកីឡាសម្រាប់កុមារពិការភ្នែក និងគរថ្លង់។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌នេះ មានបញ្ចូល ១៨វិញ្ញាសារ ដែលអ្នកចូលរួមប្រកួតមានឱកាសទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ទៅតាមក្រុមអាយុ ដោយមានសម្រាប់កុមារអាយុក្រោម ១៨ឆ្នាំ (ស្រី និងប្រុស) ក្រុមមហាជនទូទៅអាយុពី ១៨ឆ្នាំ ដល់ ៥០ឆ្នាំ (ស្រី និងប្រុស) និងក្រុមជើងចាស់អាយុលើស៥០ឆ្នាំ (ស្រី និងប្រុស)៕