(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជំនីក នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៨៧នាក់ និងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រមទាំងចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង ប្រវែង ១១.៥០ គីឡូម៉ែត្រ ចាប់ពីឃុំទ្រា រហូតដល់ឃុំក្រូចឆ្មារ(ស្ពានព្រែកតាឌួង) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្យ ច័ន្ទមុន្នី។
ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជឿជាក់ និងការសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជូនដល់សមាជិក សមាជិកាទាំងអស់។
ជាមួយគ្នានោះផងដែរ លោកប្រធាន ក៏បានពាំនាំផងដែរ នូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូ និងតែងបានរួមសុខ-រួមទុក្ខ ជាមួយ បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅស្រុកក្រូចឆ្មារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក៏បានរំលឹកពីការតស៊ូលះបង់ ក្នុងបុព្វហេតុជាតិជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ជាស្នាដៃប្រវត្តិសាស្ត្រ គឺការរំដោះប្រជាជន ចេញពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងការសម្រេចបាននូវសុខសន្តិភាព ពេញលេញ មិនធ្លាប់មានក្នុងរយ:កាលជាង ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ «អរគុណសន្តិភាព» សុខសន្តិភាព និងស្ថេរភាពនយោបាយនេះ បាននិងកំពុងបន្តជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន លើកគ្រប់វិស័យ ប្រកបដោយភាពស្វាហាប់ ក្តីសង្ឃឹម ដែលកម្ពុជាមិនធ្លាប់មានពីមុនមក។
លោក ផារ៉ា មង្គល បានលើកទឹកចិត្ត ដល់សមាជិក-សមាជិកាបក្សថ្មីទាំងអស់ ត្រូវស្វែងយល់បន្ថែមអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ជាពិសេសត្រូវចងចាំភារកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិកបក្ស។ បន្ថែមលើនេះ ត្រូវខិតខំអភិវឌ្ឍន៍ចំណេះដឹង និងកសាងសមត្ថភាព ឲ្យក្លាយជាធនធានមនុស្ស សម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឲ្យកាន់តែរីកចម្រើន។
នាឱកាសនោះដែរ លោក ផារ៉ា មង្គល ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគណបក្សទាំងអស់ ក្នុងការចូលរួមចំណែកតម្រង់ទិស និងពង្រឹងសមត្ថភាពក្រុមការងារមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហា និងបម្រើសេវាជូនប្រជាជនបានយ៉ាងល្អប្រសើរ ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ជាច្រើន។
បន្ថែមលើនេះ លោក ក៏បានជំរុញ ដល់ក្រុមការងារគណបក្សមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើសេវាជូនប្រជាជន និងដោះស្រាយបញ្ហាជូនប្រជាជនក្នុងឃុំ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ដើម្បីបង្កើតប្រជាប្រិយភាព និងទាក់ទាញចូលរួមជាមួយបក្សយើងឲ្យកាន់តែច្រើនឡើង ស្របតាមគោលនយោបក្ស «រក្សាចាស់ បង្កើនថ្មី»៕