(កំពង់ឆ្នាំង)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើ្ជញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ដែលប្រសិទ្ធនាមថា «អគារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
នាឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្ដេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងពុទ្ធសាសនូបត្ថម្ភក៍ជាច្រើនកុះករ បានចូលរួមធ្វើកិច្ចនមសក្ការព្រះរតនៈត្រៃ សមាទានសីល ធ្វើពិធីបួងសួងក្រុងពាលីសាងសង់អគារ និងបញ្ចុះបឋមសិលា និងរតនវត្ថុផ្សេងៗ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវេរប្រគេនសម្រាប់វត្តចន្ទប្បជោត្តនារាម នូវទេយ្យទាន គ្រឿងអដ្ឋបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១០លានរៀល។ ប្រគេនបច្ច័យព្រះចៅអធិការវត្តចំនួន ១,០០០ដុល្លារ, ព្រះសង្ឃគង់អមធ្វើកិច្ច ៨អង្គ ក្នុងមួយអង្គ ២លានរៀល និងព្រះសង្ឃ ២១អង្គទៀត បច្ច័យ ២លានរៀល។ ទន្ទឹមនឹងនេះ បច្ច័យទទួលបានពីពុទ្ធបរិស័ទសរុបចំនួន ២៥,០១០ដុល្លារ និង ១,៩៩០,០០០រៀល។ ជាមួយគ្នានោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយ លោកយាយ លោកតា អាចារ្យ គណៈកម្មការ និងកម្មករបម្រើការក្នុងវត្ដ ចំនួន ១៣១នាក់ និងបានជូនក្នុងម្នាក់ៗ សារុង ក្រមា និងថវិកា ៥០,០០០រៀលផងដែរ។
តាមសង្ឃដីការបស់ព្រះធម្មវនវាសី ចន្ទ មុនី «អគារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» មិនត្រឹមតែបម្រើផលប្រយោជន៍ជាសំណង់សាសនានោះទេ ប៉ុន្តែក៏ជាទីកន្លែងបណ្ដុះនូវផ្នត់គំនិតដល់សមណនិស្សិត និងភ្ញៀវដែលបានអញ្ជើញមកកាន់ទីនេះផងដែរ។ អគារនេះកសាងឡើងដោយមានទទឹង ៥៤,៥ ម៉ែត្រ និងមានជម្រៅ ២៤,៦ ម៉ែត្រ ជាសំណង់ដែលកសាងឡើងក្នុងរចនាបថលាយបញ្ចូលគ្នារួមមាន សម័យកាលអង្គរ សម័យកណ្ដាល និងសម័យចតុមុខ ដែលស្ថាបត្យកម្មនេះ កសាងឡើងចំនួន៣ថ្នាក់ តំណាងឱ្យគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
ជាន់ផ្ទាល់ដី ជាសារមន្ទីរ សម្រាប់តម្កល់នូវឯកសារផ្សេងៗដល់សមណនិស្សិតសិក្សាស្វែងយល់នូវអត្ថបទផ្សេងៗ ព្រមទាំងសម្រួលដល់ពុទ្ធបរិស័ទបានសិក្សាស្វែងយល់ពីឯកសារដែលតម្កល់ក្នុងសារមន្ទីរនេះ។ ជាន់ទី១ នៃជាសាលប្រជុំ និងការិយាល័យសង្ឃាធិបតី ដែលអាចផ្ទុកមន្ត្រីសង្ឃ និងពុទ្ធសាសនិកជនបានចំនួន ៥០០ ទៅ ៦៥០នាក់។ ជាន់ទី២ ជាអន្តេវាសិកដ្ឋានដែលមានបន្ទប់សម្រាប់ស្នាក់នៅរបស់សមណនិស្សិត និងព្រះសង្ឃក្នុងវត្ត ទៅតាមតម្រូវការចាំបាច់។ ចំណែកឯ ផ្នែកនៃដំបូលត្រូវបានរចនាទៅជាសារមន្ទីរ ដើម្បីតម្កល់ទុកនូវបុរាណវត្ថុ និងព្រះពុទ្ធរូប សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងពុទ្ធបរិស័ទអាចចូលទស្សនាបាន។ ស្ថាបត្យកម្មនៃអគារនេះ នឹងកសាងឡើងដោយមានខ្យល់ចេញចូលគ្រប់ទិស ព្រមទាំងមានបរិស្ថានបៃតងជុំវិញផងដែរ។
ព្រះធម្មវនវាសី ចន្ទ មុនី បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភអគារដ៏ល្អវិចិត្រនេះ សម្រាប់ព្រះសង្ឃដែលគង់នៅវត្តចន្ទប្បជោត្តនារាម និងជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាក្នុងម្លប់សន្តិភាពស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕