(ភ្នំពេញ)៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនោះក៏មានការចូលរួមពី លោក ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ, មន្ត្រីជំនាញអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានកៅស៊ូកម្ពុជា រួមទាំងប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំផងដែរ។
លោក ប្រាក់ ដាវីដ បានណែនាំបេក្ខជនចំនួន៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ ដើម្បីឱ្យយល់ពីលក្ខខណ្ឌ និងនីតិវីធីនៃការប្រឡងចៀរជ័រកៅស៊ូ។
មុនពេលការប្រកួតចាប់ផ្ដើមនាថ្ងៃស្អែក បេក្ខជនបានចាប់ឆ្នោតយករានចៀរជ័រកៅស៊ូ ព្រមទាំងពិនិត្យស្ថានភាពរានចៀររបស់ខ្លួន ក្នុងមួយនាក់៤៥០ដើម ដើម្បីត្រៀមសម្រាប់ការប្រកួត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា កម្មវិធីចៀរជ័រកៅស៊ូនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា ដែលលោកជំរុញ និងបំផុសស្មារតី ក៏ដូចជាចំណង់ចំណូលចិត្តរបស់អ្នកចៀរជ័រកៅស៊ូ ដើម្បីធ្វើយ៉ាងណាដោះស្រាយនៅបញ្ហាប្រឈមកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកៅស៊ូ និងជំរុញការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា៕