(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេស ដើម្បីបង្ហាញអរិយធម៌ នៃប្រទេសកម្ពុជា-ចិន ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា ឆ្នាំ២០២៤។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលមហាសន្និបាតចតុមុខ រាជធានីភ្នំពេញ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា តាមរយៈការសម្ដែងសិល្បៈពិសេសនេះ លោកជឿជាក់ថា នឹងធ្វើឲ្យអ្នកចូលរួម មានចំណាប់អារម្មណ៍យ៉ាងជ្រាយជ្រៅ ចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសចិន។
បន្ថែមពីនោះទៀត ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេសនេះ គឺជាកម្មវិធីសំខាន់ សម្រាប់ឆ្នាំ២០២៤ គឺជាឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា។
លោក Wang Wenbin បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៤នេះ ក្រោមការដឹកនាំប្រឹងប្រែង រវាងរដ្ឋាភិបាលកម្ពុជា-ចិន បានសហការគ្នា រៀបចំកម្មវិធីធំៗជាច្រើន ដើម្បីជំរុញពង្រឹង នូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
សូមជម្រាបថា កម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេសនេះ ទទួលរៀបចំដោយរោងមហាស្រពតន្ដ្រី និងរបាំទីក្រុងអ៊ូស៊ីប្រទេសចិន និងនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕