(ព្រះសីហនុ)៖ ក្នុងដំណើរទស្សនកិច្ច និងបេសកកម្ម រយៈពេល៤ថ្ងៃ នៅថ្ងៃដំបូងនេះ ពោលគឺថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៦០រូប ដែលមកពីជាង៣០ស្ថាប័ន ដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា បានចុះទៅកាន់តំបន់ទេសចរណ៍សំខាន់ៗចំនួន៦កន្លែង ក្នុងខេត្តព្រះសីហនុ។

តំបន់ទេសចរណ៍ទាំង៦កន្លែងនោះរួមមានដូចជា ឆ្នេរមាសឆ្នេរប្រាក់, ដើមឈើយក្ស, កំពូលភ្នំព្រែកត្របែក, កោះសំពោច ឬកោះរាជបុត្រ និងតំបន់វិនិយោគ Bay of Lights ផងដែរ។

សូមជម្រាបថា ក្រុមអ្នកកាសែតចម្រុះស្ថាប័ន ដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បាន និងកំពុងបំពេញទស្សនកិច្ច និងបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរួមគ្នាផលិត និងផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសំខាន់មួយរបស់ប្រទេសកម្ពុជា។

តាមរយៈបេសកកម្មនេះ ក្លិបអ្នកកាសែតកម្ពុជា បានរំពឹងថា អត្ថបទសារព័ត៌មានរាប់រយប្រធានបទចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលដឹកនាំក្រុមអ្នកព័ត៌មានទាំងនោះ បានឱ្យដឹងថា «បេសកកម្មលើកនេះផ្តោតទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ស្ថានភាពសន្តិសុខ តំបន់កសិឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ពិសេសក៏ដូចជាការរកដំណោះស្រាយលើសំណង់អគារដែលជាប់គាំង»