(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ផ្អែកទៅលើសក្ដានុពលខេត្តព្រះសីហនុបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ បានកំណត់គោលនយោបាយលើគោលដៅជំរុញទាក់ទាញភ្ញៀវទេសចរ២ប្រភេទបន្ថែមទៀតនោះគឺ ទេសចរវប្បធម៌ និងទេសចរធម្មជាតិ។

លោកអភិបាល បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាង៦០រូប ដែលបំពេញបេសកកម្មចុះយកព័ត៌មាននៅខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា។

បើតាម លោកភិបាលខេត្ត, ប្រភេទទេសចរសំខាន់ៗនៅខេត្តព្រះសីហនុ ពេលនេះ មានដូចខាងក្រោម៖

* ទី១៖ ទេសចរណ៍ធម្មជាតិ៖ ទេសចរណ៍ប្រភេទនេះ ភ្ញៀវទៅសម្រាកលម្ហែ និងមុជទឹកកម្សាន្តនៅតាមរមណីយដ្ឋានឆ្នេរកោះ ក៏ដូចជាស្ទូចត្រី មុជទឹកលើផ្ដាថ្ម កម្សាន្តក៏ដូចជា ទស្សនាធនធានបាតសមុទ្រជាច្រើនទៀត។ ភ្ញៀវទេសចរទៅសម្រាក និងកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិដូចជា ជិះទូក និងដើរកម្សាន្តមើលទេសភាពធម្មជាតិព្រៃកោងកាង សត្វស្លាប ទេសភាពធម្មជាតិ ទឹកធ្លាក់ សត្វព្រៃ និងសកម្មភាពនេសាទរបស់សហគមន៍ និងដើរព្រែកកម្សាន្តនៅតាមតំបន់ឧទ្យានជាតិដូចជាគិរីរម្យ ឧទ្យានជាតិសមុទ្ររាម ឧទ្យានជាតិសមុទ្រកោះរ៉ុង និងឧទ្យានជាតិព្រះមុនីរង្ស(បូកគោ)ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏សម្រាកលម្ហែ និងលេងកីឡាកម្សាន្តនៅឆ្នេរសមុទ្រ ព្រែកដូចជា ជិះម៉ូតូទឹកកម្សាន្ត ជិះទូកកាយាក និងប្រកួតទូកក្ដោងជាដើម។

* ទី២៖ ទេសចរណ៍វប្បធម៌៖ ភ្ញៀវទេសចរទៅទស្សនាពិព័រណ៍ម្ហូបអាហារ ក៏ដូចជាភ្លក់ម្ហូបអាហារខ្មែរផ្សេងៗ ទស្សនាការសម្ដែងសិល្បៈបុរាណ និងប្រពៃណីជាតិ និងទស្សនាវត្តអារាម សារៈមន្ទីរ និងសកម្មភាពការរស់នៅរបស់សហគមន៍មូលដ្ឋានដ៏ដូចជាសហគមន៍នេសាទផងដែរ។

* ទី៣៖ ទេសចរណ៍ម៉ាយ (MICE Tourism) MICE៖ Meeting Incentive Conference Exhibition)៖ ទេសចរដែលមកចូលរួមក្នុងកិច្ចប្រជុំ សិក្ខាសាលានិងការតាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មជាដើម។ ទន្ទឹមនឹងនេះភ្ញៀវទៅទស្សនា និងសម្រាកកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទាក់ទាញទេសចរណ៍សំខាន់ៗដូចជានៅតាមតំបន់ឧទ្យានជាតិ និងនៅកោះរ៉ុងជាដើម។

* ទី៤៖ ទេសចរណ៍កីឡា៖ ភ្ញៀវទេសចរចូលរួមទស្សនា និងចូលរួមប្រកួតកីឡាទេសចរណ៍ផ្សេងៗដូចជាការប្រកួតម៉ូតូទឹក ទូកក្ដោង ប្រណាំងកង់ រត់ប្រណាំង និងកីឡាប្រដាល់ជាដើម។

* ទី៥៖ នាវាទេសចរណ៍៖ ភ្ញៀវចូលតាមនាវាទេសចរណ៍ដែលភាគច្រើនជាភ្ញៀវជនជាតិអាមេរិក អឺរ៉ុប អូស្រ្តាលី និងអាស៊ីមួយចំនួន។ ភ្ញៀវចូលចិត្តទស្សនាតាមរមណីយដ្ឋានឆ្នេរ វត្តអារាម សារមន្ទីរ សហគមន៍នេសាទ ផ្សារ និងសាលារៀនជាដើម។ មួយឆ្នាំៗមាននាវាទេសចរណ៍ចូលមកខេត្តព្រសីហនុប្រមាណ៥០គ្រឿង មុនការកើតជំងឺកូវី-១៩។ ដោយឡែកឆ្នំា២០២៣ មាននាវាទេសចរណ៍ចំនួន ១៨នាវា មានភ្ញៀវសរុប ១៤,៣៤០នាក់ កើនឡើង១០០% និងឆ្នាំ២០២៤ មានចំនួន២២នាវា កើនឡើង៤នាវា មានភ្ញៀវសរុប១៨,២៦៣នាក់ កើនឡើង២៧.៣៦%។

ទន្ទឹមនឹងការទទួលបានភ្ញៀវទេសចរ ជាបន្តបន្ទាប់ លោកអភិបាលខេត្ត បានបង្ហាញអំពីផែនការអភិវឌ្ឍ និងទាក់ទាញទេសចរសំខាន់ៗមួយចំនួន ក្នុងនោះដូចជា៖

- ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញមកកាន់ក្រុងព្រះសីហនុ

- ជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគទៅលើផលិតផលទេសចរណ៍ថ្មីៗ និងសំខាន់ៗ ដូចជាស្ដង់ដារមជ្ឍមណ្ឌលទេសចរណ៍ និងវប្បធម៌ មជ្ឍមណ្ឌលកីឡា ដើម្បីឱ្យរៀបចំទាក់ទាញទេសចរធុរកិច្ច និងពិព័រណ៍ (MICE Tourism) ពាក់ព័ន្ធកិច្ចប្រជុំ និងរៀបចំពិព័រណ៍អន្តរជាតិ និងវិនិយោគទៅលើរមណីយដ្ឋានកែច្នៃ រមណីយដ្ឋានកីឡាកម្សាន្តនៅលើឆ្នេរសមុទ្រ ក៏ដូចជារមណីយដ្ឋានអេកូទេសចរណ៍និង កសិទេសចរណ៍ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកឱ្យច្រើន។

- ជំរុញការរៀបចំមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ ឬទីតាំងនៅតាមតំបន់ឆ្នេរ ដើម្បីសម្ដែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ដ ជាពិសេសពេលរាត្រី រួមទាំងវិថីម្ហូបអាហារ និងផ្សាររាត្រីសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរ។

- ពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រាវ ប្រព័ន្ធគុណភាពទូរស័ព្ទ និងអ៉ីនធឺណិត ជាពិសេសស្ដង់ដារផែម៉ារីនណា និងស្ដង់ដារផែដឹកជញ្ជូនភ្ញៀវទេសចរក្នុងស្រុក នៅកោះរ៉ុង។

- ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈទេសចរណ៍ដើម្បីលើកកម្ពស់សេវាកម្មទេសចរណ៍។

- ពង្រឹងការអនុវត្តច្បាប់ និងស្ដង់ដារគុណភាពឧស្សាហកម្មទេសចរណ៍ដូចជា ស្ដង់ដារការស្នាក់នៅទេសចរណ៍ ដឹកជញ្ចូនទេសចរណ៍ ម្ហូបអាហារ និងការកម្សាន្តទេសចរណ៍។

- ជំរុញការផ្សព្វផ្សាយទេសចរណ៍ឱ្យបានទូលំទូលាយ និងប្រសិទ្ធភាព

- ពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់និងសន្ដិសុខសាធារណៈ ក៏ដូចជា សុវត្ថិភាពទេសចរណ៍ពាក់ព័ន្ធនឹងស្ដង់ដារទេសចរណ៍ ដូចជាការកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ ការដឹកជញ្ចូនទេសចរណ៍ និងអនាម័យម្ហូបអាហារជាដើម

- ជំរុញយុទ្ធនាការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋាកិច្ចល្អ» ដើម្បីពង្រឹងគុណភាពសេវាកម្ម សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាននៅក្នុងទីក្រុង និងរមណីយដ្ឋានទេសចរណ៍និងតំបន់ទេសចរណ៍សំខាន់ៗ

- ពង្រឹងការគ្រប់គ្រងផលប៉ះពាល់អវិជ្ចមានលើវិស័យទេសចរណ៍ ជាពិសេសអាជីវកម្មទេចរណ៍ មណ្ឌលកម្សាន្ដមនុស្សពេញវ័យទេសចរណ៍ ដែលយកទីតាំងទេសចរណ៍ប្រើប្រាស់ និងជួរដូរគ្រឿងញៀន និងផ្លូវភេទជាដើម៕