(ភ្នំពេញ)៖ នៅថ្ងៃអាទិ្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «ការប្រកួតដណ្ដើមពានរង្វាន់ក្លឹបកីឡាវាយសីបាសាក់ លើកទី២ ក្លឹបខ្លាចាស់លើកទី៤» ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៤-ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងក្លឹបវាយសីខ្លាចាស់ ស្ថិតក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។
ការប្រកួតដណ្ដើមពានរង្វាន់វាយសីនេះ គឺជាប្រកួតលើកទី២ របស់ក្លឹបវាយសីបាសាក់ ដែលមានសមាសភាពចូលរួមប្រកួតពីសំណាក់ កីឡាករ កីឡាការនី ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និងក្រឡាបញ្ជី សុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ និងស្រឡាញ់កីឡាវាយសី មានចំនួនប្រមាណ២០០រូប បានចូលរួមប្រកួតប្រជែង។
ទេសរដ្ឋមន្ត្រី គី តិច បានលើកឡើងថាកម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង៖
ទី១៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលបានប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» និងជាមួយគ្នា យើងមានពេលលេងកីឡាប្រកួតវាយសីបែបនេះ ក៏ដោយសារប្រទេសយើងមានសន្តិភាពដែរ ពោលគឺកីឡារស់ក្នុងសន្តិភាព។
ទី២៖ ដើម្បីចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និត រវាងកីឡាករ កីឡាការិនី ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់។
ទី៣៖ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ក្នុងការពង្រឹង និងថែរក្សាសុខភាព តាមរយៈការលេងកីឡា ពិសេសកីឡាវាយសី ដែលជាកីឡាកំពុងទទួលបានការពេញនិយម របស់កីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋកម្ពុជា ។
ទី៤៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាវាយសីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការប្រកួតក្នុងរយៈពេល២ថ្ងៃនេះ គឺមានការប្រកួតយកពានរង្វាន់ជ័យលាភីជាច្រើន និង ពានរង្វាន់ ALL STAR ពានរង្វាន់ Mix Double, ពានរង្វាន់មិត្តភាព ALL STAR និងពានរង្វាន់អនុស្សាវរីយ៍សម្រាប់កីឡាករក្នុងវិស័យយុត្តិធម៌ និងកីឡាករមហាជន។
លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ពិសេសកីឡាករ កីឡាការិនី ឲ្យប្រកួតដោយយកក្រមសីលធម៌ជាកីឡាជាគោល ពោលគឺកុំយកការចាញ់ឈ្នះជាគោល។ លោកបន្ថែមថា ការប្រកួតតែងមានចាញ់ មានឈ្នះ តែសម្រាប់កីឡាពុំមានចាញ់ឈ្នះទេ មានតែអ្នកឈ្នះជានិច្ច ពោលគឺអ្នកចាញ់ការប្រកួតទទួលបាននូវបទពិសោធន៍ថ្មីពីអ្នកឈ្នះ ហើយអ្នកឈ្នះ ក៏ទទួលបានបទពិសោធន៍ពីអ្នកចាញ់ដែរ ។ ជាពិសេស លោកទេសរដ្ឋមន្ត្រី បានរំលេចបន្ថែមផងដែរថា ទាំងអ្នកឈ្នះ និងអ្នកចាញ់ នឹងទទួលបាននូវជ័យជំនះដូចគ្នា គឺមិត្តភាពភាតរភាព និងសុខភាព៕