(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលដៅនៃការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលនេះគឺមានគោលដៅ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ពោលគឺមិនមែនជាគោលដៅ នៃការប្រមូលពន្ធនោះឡើយ។
សម្ដេចមហាបវធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបែបនេះនៅក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានអារម្មណ៍ស្ទាក់ស្ទើក្នុងការចុះឈ្មោះដោយខ្លាចជាប់កាតព្វកិច្ច ឬចំណាយផ្សេងៗ ខ្ញុំសូមបញ្ជាក់ទៅលើចំណុចនេះសាជាថ្មីគឺ ការចុះឈ្មោះរបស់អ្នកសេដកិច្ចក្រៅប្រព័ន្ធគឺអនុវត្តន៍តាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុងមិនមានការបង្ខិតបង្ខំ និងមិនមានការគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះ ដល់ថ្ងៃនេះ ថ្ងៃនោះ ត្រឹមឱសានវាទនេះហើយទទួលបន្ទុកទទួលអីគេទេ គឺស្ម័គ្រចិត្តទាំងស្រុង។ បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ ថាបានផលហើយមិនមានទទួលបន្ទយកអីទេ គឺស្ម័គ្រចិត្តហើយនេះគឺជាគោលការណ៍ដែលបានណែនាំតាំងពីដើម គឺហាមដាច់ខាតកុំឱ្យមានការជម្រុញ ឬបង្ខិតបង្ខំ គឺតាមការស្ម័គ្រចិត្ត ការចុះឈ្មោះនេះមិនតែឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការនោះទេ ប៉ុន្តែបើកផ្លូវឱ្យទៅកាន់ការរីកចម្រើនការគាំទ្រនានាផងដែរ»។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា៖ «ចំណុចទី២ បងប្អូនអាចខ្លាចជាប់ពន្ធ ខ្ញុំសូមបញ្ជាក់ផងដែរថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានក្នុងមួយឆ្នាំដូចសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលមានទ្រង់ទ្រាយតូចមីក្រូ ដែលមានផលរបរក្រោម២៥០លានក្នុងមួយឆ្នាំមិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់ នេះគឺជាគោលការណ៍ដែលបញ្ជាក់»។
ទន្ទឹមគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីនែកម្ពុជា បានបញ្ជាក់ទៅកាន់បងប្អូនមប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលស្ថិតនៅក្នុងសេដកិច្ចក្រៅប្រព័ន្ធ សូមចងចាំថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានគោលដៅចំនួន២ សម្រាប់បងប្អូនដោយក្នុងនោះរួមមាន ទី១គឺជួយ មិនមែនធ្វើបាបដាក់បន្ទុកបន្ថែមដល់បងប្អូននោះទេ ហើយទី២ គឺស្ម័គ្រចិត្តមិនមានការបង្ខំ៕