(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹង​រៀបចំ «ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា» ក្នុងគោល​បំណង​ផ្តល់ជូនសាធារណជន​ ​បាន​ស្វែង​យល់​អំពី​សិប្បកម្មប្រពៃណីតាមសហគមន៍នានា ​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍នេះ ក៏មាន​បំណងរៀបចំ​បង្ហាញ​ជូន​សាធារណជនបាន​ស្វែងយល់​ពី​ស្នាដៃ​​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា និង អបអរសាទរ «ក្រមា» ជា​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់​កម្ពុជា ​​ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤។

ក្រសួងបានអញ្ជើញសាធារណជនចូលរួមទស្សនាដោយសេរី ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ចាប់ពីម៉ោង​ ៩៖០០នាទីព្រឹក ដល់ម៉ោង​ ៨៖៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែង​ខ្មែរ ស្ថិត​នៅវិថីរដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។

ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធី​ស្វែងយល់​ពី​សិប្បកម្មប្រពៃណី, បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគំតន្ត្រី ចម្រៀង រាំកម្សាន្ត៕