(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យកុំឲ្យមានជនឆ្លៀតឱកាសក្នុងធ្វើសកម្មភាពផ្ទុយពី គោលបំណង របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការងារនេះ ខ្ញុំសូមឲ្យដាក់ការអនុវត្តវិធានការ នៅក្នុងការធ្វើកិច្ចការងារនេះ ដើម្បីឲ្យមានសុក្រឹត្យភាព […] ទប់ស្កាត់នៅការកេងជំនេញតាមគ្រប់រូបភាព ជាពិសេសគឺក្រុមជនដែលឆ្លៀតឱកាសកេងជំនេញតាមប្រព័ន្ធកិច្ចការងារតាមអុិនធើណេតនេះ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទិន្ន័យរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ និងរក្សាឲ្យបានជាប់លាប់ ដោយទិន្ន័យនេះទាក់ទងនឹងកិច្ចការងារសន្តិសុខ និងទាក់ទងនឹងអ្វីដែលជាភាពឯកជនរបស់ប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធត្រូវចាំបាច់យកចិត្តទុកដាក់ សហការគ្នា ជាមួយស្ថាប័នផ្សេងៗដែលជាដៃគូ និងចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកថា ការចែករំលែកព័ត៌មានពិតជាសំខាន់ណាស់ ពីព្រោះព័ត៌មានគ្រប់ជ្រុងជ្រោយជួយទប់ស្កាត់ ការអនុវត្តខុសគៅលដៅដែលធ្វើឲ្យបាត់នូវទំនុកទុកចិត្តទៅលើប្រព័ន្ធគោលនយោបាយថ្មី និងប្រជាពលរដ្ឋ៕