(ស្ទឹងត្រែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួមសរុបប្រមាណ ២,២៣៤នាក់។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនអង្គពិធីថា ក្នុងខេត្តស្ទឹងត្រែង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុបចំនួន២៩,៩៥៨ខ្នង ស្មើ១០០% ក្នុងនោះមានខ្នងផ្ទះ ប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន២៨,០៧៧ខ្នង ស្មើនឹង៩៣.៧២% និង ខ្នងផ្ទះប្រើបង្គន់អនាម័យរួមចំនួន១,៨៨១ខ្នង ស្មើ៦.២៨%។
លោកអភិបាលខេត្តបានជម្រាបជូនអង្គពិធីអំពីស្ថានភាពភូមិសាស្ដ្រ និងសមិទ្ធផលរីកចម្រើនក្នុងខេត្តស្ទឹងត្រែង។ ជាមួយគ្នានោះ តំណាងអង្គការភ្លែនអន្ដរជាតិបានលើកឡើងពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការងារប្រតិបត្តិអនាម័យជនបទ ជាពិសេសចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជួយជំរុញខេត្តផ្សេងៗទៀតដែលមិនទាន់បានទទួលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លោក ឆាយ ឫទ្ធិសែន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។
លោករដ្ឋមន្រ្ដីបានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្តរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្រ្ដីបានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ៨៨.៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក៨៦.០៩% និងអនាម័យ៩១.៤៧% ហើយបានកំណត់ថានៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
សូមរំលឹកថា គិតត្រឹមថ្ងៃនេះមានរាជធានី-ខេត្តចំនួន១៤ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង ដែលជាខេត្តទី១៤៕