(ព្រះសីហនុ)៖ នាវាចម្បាំងរបស់អាមេរិកមួយគ្រឿង ជាមួយនាវិក១០៣នាក់ បានចូលមកដល់សមុទ្រកម្ពុជា ហើយបានចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជាមួយការចូលមកដល់កម្ពុជារបស់នាវាកងទ័ពជើងទឹករបស់អាមេរិកនេះ កងទ័ពជើងទឹកអាមេរិក ដឹកនាំដោយលោកវរនាវីទោ Daniel A.sledz មេបញ្ជាការនាវា នឹងទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ការចូលមកដល់ផែរបស់កម្ពុជានាព្រឹកថ្ងៃនេះ កងទ័ពជើងទឹករបស់អាមេរិក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ក៏ដូចជានាយនាវីមូលដ្ឋានសមុទ្ររាមជាច្រើនរូបទៀត។
យោងតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលចូលមកកម្ពុជានាពេលនេះ មានឈ្មោះ USS SAVANNAH (LCS 28)។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិ បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។ ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។
ក្នុងផែនការសកម្មភាពដែលបានគ្រោងទុករួមមាន ជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ។
ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរ ឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក៕