(ត្បូងឃ្មុំ)៖ បេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅ ស៊ូគ្រួ សារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ បានចូលរួមប្រឡងចៀរជ័រកៅស៊ូឆ្នាំ ២០២៤ ដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការប្រលងនេះ ដោយមានការចូលរួមពី លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម
លោក ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ, មន្ត្រីជំនាញអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានកៅស៊ូកម្ពុជា រួមទាំងប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំផងដែរ។

ក្នុងឱកាសនេះដែរ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ នៅក្នុង ពិធីបើកការប្រឡង ចៀរជ័រកៅស៊ូ ឆ្នាំ ២០២៤ថា ការប្រលងនាពេលនេះ គឺជា ឱកាស ដ៏ល្អមួយ សម្រាប់យើងទាំងអស់គ្នា បានឃើញ ពីសមត្ថភាព និងជំនាញរបស់បងប្អូនកម្មករ ដែល បាន មកចូលរួមប្រលង ព្រមទាំងបង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះអនុវិស័យកៅស៊ូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋចំពោះរកការងារធ្វើក្នុងអនុវិស័យការងារកៅស៊ូ រក្សាបាននិរន្ដរភាពកម្លាំងពលកម្ម តាមចម្ការកៅស៊ូ រក្សា សុខភាពដើមកៅស៊ូ រយ:ពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដី សង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាព សេដ្ឋកិច្ច កាន់តែប្រសើរឡើង។

រីឯប្រធានក្រុមដឹកបេក្ខជន លោក ចក់ ឌឿន បានលើកថា កម្មវិធីនេះ ពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលក្រសួងកសិកម្ម រៀបចំកម្មវិធីនេះឡើង ហើយពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ ជាពិសេសកម្លាំងពលកម្មចៀរជ័រ។

លោកបានបន្ដថា អ្វីដែលកាន់តែពិសេសធ្វើឱ្យពួកគាត់ស្គាល់ពីសមត្ថភាពរបស់ខ្លួន ដោះដូរយោបល់ ក៏ជាផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក អំពីការចៀរជ័រកៅស៊ូ។ លោកសង្ឃឹមថា នឹងមានការប្រលងបែបនេះជាបន្ដបន្ទាប់ទៀត។

ចំណែកឯបេក្ខជន លោក ណាន ធារី បានបង្ហាញការសប្បាយចិត្ដជាខ្លាំង ដែលក្រសួងកសិកម្ម បានរៀនចំការប្រលងនេះឡើង ហើយការប្រគួតនៅពេលនេះ មានភាពច្បាស់លាស់ យុត្តិធម៍ ត្រឹមត្រូវ អ្វីដែលកាន់តែពិសេសនេះ គឺមានការកំណត់ពេលវេលាត្រឹមត្រូវ ក្នុងមួយម៉ោងត្រូវចៀរជ័កៅស៊ូ ឱ្យបានចំនួន៤៥០ដើម។ ហើយការប្រគួតនេះ កាន់តែធ្វើឱ្យកម្មករមានទឹកចិត្ដក្នុងការខិតខំចៀរជ័រកៅស៊ូ។

ការប្រឡងនេះ ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាព ហើយជាឱកាសនៃការជួបជុំកម្មករមកពីបណ្តាក្រុមហ៊ុន សហគមន៍កៅស៊ូផ្សេងៗ ឱ្យបានស្គាល់គ្នា និងចែករំលែកបទពិសោធន៍ ផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។

ដំណាំកៅស៊ូ គឺអនុវិស័យ ដ៏សំខាន់មួយនៅក្នុង វិស័យកសិកម្ម ដែលក្រសួងបានយកចិត្ត ទុកដាក់ ជំរុញ អភិវឌ្ឍឱ្យសម្រេចបានជោគជ័យ ស្របតាមផែនការ យុទ្ធសាស្រ្តអភិវឌ្ឍកៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០។ ដោយពិនិត្យឃើញអំពីសក្តានុពល និងតួនាទីដ៏សំខាន់នៃដំណាំកៅស៊ូ ក្នុងការរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្រសួងកសិកម្មបានណែនាំអគ្គនាយកដ្ឋានកៅស៊ូឱ្យរៀបចំការប្រលងចៀជ័រកៅស៊ូប្រចាំឆ្នាំ២០២៤នេះឡើង។

សូមបញ្ជាក់ថា កម្មវិធីចៀរជ័រកៅស៊ូនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា ដែលលោកជំរុញ និងបំផុសស្មារតី ក៏ដូចជាចំណង់ចំណូលចិត្តរបស់អ្នកចៀរជ័រកៅស៊ូ ដើម្បីធ្វើយ៉ាងណាដោះស្រាយនៅបញ្ហាប្រឈមកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកៅស៊ូ និងជំរុញការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា៕