(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយតាមរយៈយុទ្ធសាស្រ្តចាក្រានេះ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ទទួលភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន។

ពិធីនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត និងតំណាងអង្គការជាតិ អន្តរជាតិជាដៃគូ ជាច្រើនរូបផងដែរ។

លោកបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន «ភាពស្អាត» ក្រសួងបរិស្ថានក្នុងឆ្នាំ២០២៤កន្លងមកនេះ បានបើកយុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ» និងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណៈជនយល់ដឹងជារៀងរាល់ថ្ងៃ។

ក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាមតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមចំនួន ៣,៦លាន អង្គ/នាក់។ ជាមួយគ្នានេះកាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ៨០% បើធៀបនឹងឆ្នាំ២០២៣។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា ក្រសួងបានកែលម្អស្ថានីយ៍ គ្រប់គ្រងសំណល់រឹង រាវ តាមស្តង់ដារ និងមានអនាម័យបានល្អស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។

ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុល សក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។

រោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ដែលត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់៕