(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញ បានលើកទឹកចិត្តទៅកាន់ក្រុមធ្វើទីផ្សារបណ្ដាញឱ្យខិតខំលើកស្ទួយជីវភាពគ្រូសារ និងប្រកបការងារដោយភាពស្របច្បាប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងរួមចំណែកសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល «ឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានចំណូលខ្ពស់»។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព អញ្ជើញក្នុងពិធីប្រារព្ធខួប៦ឆ្នាំនៃការបង្កើតក្រុមហ៊ុនអេស៊ានផៅវ័រ ដែលមានឧកញ៉ា សាង អ៊ាប ជាអគ្គនាយក (លោកក៏ជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា) និងមានការចូលរួមក្រុមអ្នកធ្វើទីផ្សារបណ្ដាញប្រមាណ៥,០០០នាក់ នៅសាលពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោកសមូហកបណ្ឌិត ឡី សុភាព បានចាត់ទុកពិធីប្រារព្ធខួប៦ឆ្នាំនៃការបង្កើតក្រុមហ៊ុនអេស៊ានផៅវ័រនេះ ជាថ្ងៃចាប់ផ្ដើមពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់សមាជិកក្រុមហ៊ុនឡើងវិញ ពង្រឹងមូលដ្ឋានហិរញ្ញវត្ថុឱ្យកាន់តែល្អ ជីវភាពធូរធា ប្រទេសជាតិរីកចម្រើនឈានឡើង។
លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានថ្លែងថា នៅក្នុងធុរកិច្ចទីផ្សារបណ្ដាញ អ្នកធ្វើការត្រូវចេះធ្វើការជាក្រុម។ លោកបានចែករំលែកពីយុទ្ធសាស្ត្រទាំង៥ ក្នុងធុរកិច្ចទីផ្សារបណ្ដាញ៖
១. ត្រូវចេះប្រមូលផ្ដុំកសាងកម្លាំងសមាជិក សមាជិកាឱ្យបានគ្រប់គ្រាន់។
២. ត្រូវចេះរៀបចំឱ្យមានរចនាសម្ពន្ធ បែងចែកមុខងារ ភារកិច្ច តួនាទី ព្រមទាំងត្រូវចេះតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងកែតម្រូវចំណុចខ្វះចន្លោះទាំងឡាយ។
៣. ផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូបង្គោលពីជំនាញការងារដែលត្រូវធ្វើ ពីចំណេះដឹងផ្សេងៗ បង្រនពីច្បាប់ និតិវិធី និងបែបបទរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តជាដើម
៤. នៅពេលគ្រូបង្គោលទទួលការបណ្ដុះបណ្ដាលហើយ គឺត្រូវចុះទៅបណ្ដុះបណ្ដាលដល់សមាជិកនៅថ្នាក់ក្រោមគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ
៥. ទាំងថ្នាក់ដឹកនាំ សមាជិក និងអ្នកបម្រើការទាំងឡាយត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង សហការគ្នាធ្វើការងារជាក្រុម។
លោកឧកញ៉ាបានបន្តថា អ្នកធ្វើទីផ្សារបណ្ដាញក៏ត្រូវចេះត្រួតពិនិត្យការចំណាយ-ចំណូល ក៏ដូចជាសកម្មភាពការងាររបស់ខ្លួន របស់ក្រុមផងដែរ ដើម្បីមើលពីភាពខ្វះចន្លោះ និងរិះរកវិធីបំពេញភាពខ្វះចន្លោះនោះ បង្កើនសកម្មភាពធ្វើទីផ្សារបណ្ដាញរបស់ខ្លួនឱ្យប្រសើរថែមទៀត។
លោកសមូហកបណ្ឌិត ឡី សុភាព ក៏លើកទឹកចិត្តឱ្យអ្នកធ្វើទីផ្សារបណ្ដាញបំពេញការប្រកបដោយភាពស្របច្បាប់។ ការលើកស្ទួយជីវភាពខ្លួនឯងនិងគ្រួសារ គឺបានន័យថាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងរួមចំណែកសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល «ឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានចំណូលខ្ពស់»។
ពាក់ព័ន្ធនឹងក្រុមអ្នកធ្វើការងារទីផ្សារបណ្ដាញនេះទៀតសោត ត្រូវបានលោកបណ្ឌិត ឡី សុភាព ចាត់ទុកថាអ្នកធ្វើការងារទីផ្សារបណ្ដាញភាគច្រើន គឺធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬជាបុគ្គលស្វ័យនិយោជន៍ ដែលពួកគាត់ក៏ទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផងដែរ ពិសេសលើផ្នែកថែទាំសុខភាព តាមរយៈការបង្កើតឱ្យមានបណ្ណ ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍។ លោកបណ្ឌិតក៏បានលើកទឹកចិត្តដល់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងឡាយ សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាព អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសូមរួមគ្នាអភិឌ្ឍសេដ្ឋកិច្ចគ្រួសារ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើនផងដែរ៕