(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព» ស្ថិតនៅបរិវេណវត្តឧត្តមម្មុនី (ហៅវត្តតានី) ក្នុងភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក្នុងនោះ ក៏មានអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកិត្តិយសសាខានិងគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមខេត្ត និងលោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោក អ៊ុន លំអង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឡើងអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គពិធី។
លោក ប៉ែន កុសល្យ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខ របស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការ ចូលរួមចំណែកជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។
លោក បន្តថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងអំពាវនាវ ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាធារណជន និងជនរួមជាតិ ត្រូវបន្តចូលរួមឲ្យបានកាន់តែសកម្មបន្ថែមទៀត នៅកិច្ចការទទួលខុសត្រូវខ្ពស់ចំពោះការងារមនុស្សធម៌ក្នុងសង្គមផងដែរ។
ជាមួយគ្នានេះដែរ លោក បានគាំទ្រយ៉ាងពេញទំហឹងដោយក្តីរីករាយបំផុតចំពោះការចូលរួមសកម្មភាពនានា កន្លងមករបស់អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត។ លោកបានសម្តែងនូវអំណរសាទរចំពោះការវិវឌ្ឍរីកចម្រើនគួរជាមោទនៈ នៃចលនាកាកបាទក្រហម នៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យកាកបាទក្រហមកម្ពុជាទទួលបាននូវការគាំទ្រពីគ្រប់មជ្ឈដ្ឋាននៃប្រជាពលរដ្ឋទូទាំងប្រទេស៕