(ភ្នំពេញ)៖ កម្មករនិយោជិតនៅរាជធានីភ្នំពេញ បានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រមានភាពល្អប្រសើរ។​ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ការងារនៃកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ឆ្នាំ២០២៥ តទៅ។

លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារ នៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ ពោលគឺ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយសន្តិវិធីដូចគ្រួសារតែមួយ។

ជុំវិញការអនុវត្តច្បាប់វិញ កម្មការិនីរូបនេះមើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ការងារនៃកម្ពុជា កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់។ លើសពីនេះទៀត នៅក្នុងរោងចក្រមានលក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ដែលជាមួយផ្នែកលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតផងដែរ។

ដោយឡែកលោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូលបន្ថែមមួយផ្នែកសម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារផងដែរ។

កម្មការិនីរូបនេះ ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិតមិនថារបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ដ៏ទៃទៀតនោះទេ។ កម្មការិនីរូបនេះ អរគុណរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករទាំងអស់ តាមរយៈការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់​ ដែលទាំងនេះបង្ហាញឱ្យឃើញពីការគិតគូរពីសំណាក់ប្រមុខដឹកនាំប្រទេស ត្បិតការដំឡើងប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក តែតួលេខនេះក៏សមរម្យ ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការដំឡើងជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ។

ទន្ទឹមនេះ ក្រៅតែពីប្រាក់ឈ្នួលគោល កម្មកររូបនេះបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិតដូចជាលើគោលនយោបាយលើគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្តន៍ផងដែរ ជាពិសេសគោលនយោបាយនេះបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត។

គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបួប គឺ២០៨ដុល្លារអាម៉េរិក ក្នុង១ខែ ដែលកើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ដែលមាន២០៤ដុល្លារអាម៉េរិក៕