(ភ្នំពេញ)៖ នាវាចម្បាំងអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ជាមួយនាវិក១០៣នាក់ បានចូលមកដល់សមុទ្រកម្ពុជា និងចតនៅ​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ វត្ត​មាន​នាវាចម្បាំងអាមេរិកលើដែនសមុទ្រកម្ពុជាជាថ្មី ក្រោយខកខាន​រយៈ​ពេល​ប្រមាណជា៨ឆ្នាំ ត្រូវបានគេមើលឃើញថា ជាសញ្ញាណល្អ​នៃទំនាក់​ទំនងផ្នែកយោធារវាងកម្ពុជា និងអាមេរិក។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជា​អ្នកតាមដានស្ថានការណ៍នយោបាយ បានមើលឃើញថា ការចូល​ចត​របស់​នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅកំពង់ផែស្វយ័ត​ក្រុង​ព្រះ​សី​ហនុ បានបង្ហាញពីសុឆន្ទៈនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដែលផ្អាក​កិច្ចសហប្រតិបត្តិការរយៈពេល៨ឆ្នាំមកហើយ។

លោកបណ្ឌិត យង់ ពៅ បានបន្តថា ការចូលចតនាវា​ចម្បាំងកងទ័ព​ជើងទឹក​សហរដ្ឋអាមេរិកលើទឹកដីរបស់កម្ពុជា ក៏បានបញ្ជាក់ពីការវិវឌ្ឍន៍លើវិស័យ​យោ​ធាកម្ពុជា និងអាមេរិក ក្រោយ​ដំណើរទស្សនកិច្ច​របស់​លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

«តាមរយៈការអនុញ្ញាតឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ចូល​ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ កម្ពុជា និងអាមេរិក នឹង​មាន​កិច្ចសហប្រតិបត្តិការយោធាល្អប្រសើរឡើងវិញ ព្រមទាំងវិស័យ​ផ្សេងៗ​ទៀត​ផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ។

លោក យង់ ពៅ បានអំពាវនាវថ្នាក់ដឹកនាំប្រទេសកម្ពុជា និងសហរដ្ឋ​អាមេ​រិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អៗលើវិស័យដទៃទៀត ឱ្យបានស៊ី​ជម្រៅ ដើម្បីស្វែងយល់គ្នា តម្កល់ផលប្រយោជន៍ និងសណ្តាប់​ធ្នាប់សកល​ជាមួយគ្នា។

លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា សម្រាប់កិច្ចសហប្រតិបត្តិការ​យោធា​រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក គឺជាការរួមចំណែកមួយ​ដ៏សំខាន់​សម្រាប់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ ឬសកលលោក បើទោះបីជា​ប្រទេស​កម្ពុជា ជាប្រទេសតូចក៏ដោយ ក៏កម្ពុជា គឺជាផ្នែកមួយនៃសណ្តាប់​ធ្នាប់​របស់ពិភពលោកផងដែរ។ សណ្តាប់ធ្នាប់ពិភពលោក គឺត្រូវការឱ្យមាន​ការចូលរួមពីគ្រប់ផ្នែក គ្រប់ទិដ្ឋភាព និងបណ្តាប្រទេសទាំងអស់។

សម្រាប់លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់​ទំនងអន្តរជាតិ បានមើលឃើញថា គោលនយោបាយការបរទេស​របស់​កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាស​ឱឡារិកនៅអង្គការសហប្រជាជាតិថា «កម្ពុជា មានទំនាក់ទំនង ល្អជាមួយ​បណ្តាប្រទេសទាំងអស់លើសកលលោក មិនមានប្រកាន់បក្ខពួក ឬខាង​ណា​មួយ​នោះទេ» ហេតុដូច្នេះ កម្ពុជា ពុំមានការរឹតត្បិតលើកិច្ច​សហប្រតិ​បត្តិការជាមួយប្រណាមួយផ្តាច់មុខនោះទេ កម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការ​មួយដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

លោកបណ្ឌិត ដៀប សុផល បានគូសបញ្ជាក់ដូច្នេះ «ការចូលចត​របស់នាវា​ចម្បាំង​កង​ទ័ព​ជើងទឹកសហរដ្ឋអាមេរិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនមែនជាការចូលចតក្នុងទិសដៅយុទ្ធសាស្ត្រយោធានោះទេ តែក្នុង​ទិស​ដៅមួយ ដើម្បីបម្រើឱ្យផលប្រយោជន៍សង្គម ការងារសង្គ្រោះបន្ទាន់ ដែលដំណាក់កាលមុនៗនោះ។ កងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក ក៏បាន​រៀបចំធ្វើលំហាត់សមយុទ្ធរួមគ្នា ដោយគ្រានោះកងទ័ពអាមេរិកក៏ធ្លាប់ជួយ​ជួសជុលសាលារៀន និងការងារមនុស្សធម៌មួយចំនួនផងដែរ»

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់​បន្ថែម​ថា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបានចូលចត​នៅកម្ពុជាឡើងវិញ គឺគ្មានអ្វីប្លែកនោះទេ គ្រាន់តែទំនាក់ទំនង​នៃប្រទេស​ទាំងពីរ គឺបន្តនិរន្តរភាពធ្លាប់មានពីមុនមកនៅថ្ងៃនេះ ឬថ្ងៃអនាគត។

សូមជម្រាបថា នាវាកងទ័ពជើងទឹករបស់អាមេរិកនេះ ដឹកនាំដោយលោក​វរនាវីទោ Daniel A.sledz មេបញ្ជាការនាវា នឹងទស្សនកិច្ច នៅកម្ពុជា​រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ការចូល​មកដល់ផែរបស់កម្ពុជានាព្រឹកថ្ងៃនេះ កងទ័ពជើងទឹករបស់អាមេរិក ទទួល​បានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវរនាវីឯក មាន សាវឿន មេបញ្ជាការ រងមូលដ្ឋាន សមុទ្ររាមកងទ័ពជើងទឹក ក៏ដូចជានាយនាវី មូលដ្ឋានសមុទ្ររាមជាច្រើនរូបទៀត។

ក្រសួងការ​ពារ​ជាតិ បានបញ្ជាក់ថា ការចូលសំចតនាវា​របស់សហរដ្ឋ​អាមេរិ​ក​នេះ ក្នុង​គោល​បំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើក​កម្ពស់​​នៃ​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋ​អាមេរិក។

ក្រសួងការពារជាតិ បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៧ ការចូល​សំចត​នាវា ចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។ ក្នុងអំឡុងពេលសំចតនៅក្នុងប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បី​ជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។

ក្នុងផែនការសកម្មភាពដែលបានគ្រោងទុករួមមាន ជំនួបពិភាក្សា​ការងារ​ជា​មួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹក​នាំ​រដ្ឋបាល ខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ។ ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរ ឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក៕