(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ករណីការផ្សព្វផ្សាយតាមបណ្តាញសង្គមរឿងចាប់ខ្លួនបុគ្គល សេន ពិសី គឺជាប់ពាក់ព័ន្ធករណីរំលោភយកដី ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយកំពុងស្ថិតនៅក្នុងដំណើការនីតិវិធីរបស់តុលាការក្រោមបទចោទ «កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ» នៅកំណាត់ផ្លូវអន្ទង់អាំង (ភ្នំ ១៥០០)។
ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានបណ្តាញព័ត៌មានតិកតុកបានផ្សព្វផ្សាយនូវការលើកឡើងរបស់បុគ្គលមួយចំនួនតូច ពាក់ព័ន្ធនឹងបុគ្គល សេន ពិសី រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានគេចាប់ដាក់ពន្ធនាគារ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
*ទី១៖ ទីតាំងដីដែលបុគ្គលមួយចំនួនតូច បានលើកឡើងនៅក្នុងបណ្តាញសង្គមនោះ គឺជាទីតាំងដី ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។ កន្លងមកនេះ តាមសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ក៏បានកំណត់តំបន់នេះ (តំបន់អន្ទង់អាំង ភ្នំ១៥០០) ទៅជាតំបន់អភិរក្ស និងស្តារគម្របបៃតងឡើងវិញ។ ទីតាំងដីខាងលើនេះ ពុំមានការផ្ទេរកម្មសិទ្ធិ (ទិញ-លក់) បន្តពីគ្នាក្នុងទម្រង់ណាមួយ ដែលត្រូវបានធ្វើឡើងដោយស្របច្បាប់នោះឡើយ។
*ទី២៖ បុគ្គល សេន ពិសី បច្ចុប្បន្នកំពុងស្ថិតនៅក្នុងចំណាត់ការ របស់សាលាដំបូងខេត្តពោធិ៍សាត់ ហើយបើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បុគ្គលរូបនេះ (សេន ពិសី) គឺត្រូវបានស្ថិតនៅក្រោមបទចោទ ពីបទកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ នៅកំណាត់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ហើយករណីបទល្មើសនេះ សាលាដំបូងខេត្តបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុត៕