(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អង្គសន្និបាតបានពិភាក្សា អំពីដំណោះស្រាយ សមស្របនានា ជាមួយការពង្រឹងការប្តេជ្ញាចិត្តរួមគ្នា បន្តការថែរក្សាការពារឲ្យបាននូវសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យកាន់តែមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្នុងឆ្នាំ២០២៥ខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្ដេជ្ញាចិត្តខិតខំអនុវត្តឲ្យបានសម្រេចនូវទិសដៅការងារដូចខាងក្រោម៖
* បង្កើនកិច្ចសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ក្ដាប់សភាពការណ៍សន្តិសុខ ទប់ស្កាត់អំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការបង្កចលាចលសង្គមផ្សេងៗ
* បង្កើនការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅចូលរួមចំណែកកាត់ បន្ថយបទល្មើសគ្រប់ប្រភេទឱ្យកាន់តែមានការថយចុះ ជាពិសេសទប់ស្កាត់ឲ្យបានជាដាច់ខាតនូវ បញ្ហាក្មេងទំនើង ដែលជាក្តីព្រួយបារម្មណ៍របស់ប្រមុខរាជរដ្ឋាភិបាល
* បង្កើនពង្រឹងសមត្ថភាពជំនាញមន្ត្រីអនុវត្តច្បាប់ ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ដ្រីជាប់កិច្ចសន្យា
* អនុវត្តតាមទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យទទួលបានជោគជ័យ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរយៈពេលមួយឆ្នាំ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចបាន និងសូមសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេស និងវិនិយោគិនទាំងអស់។
នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការឯកភាពទាំងស្រុង និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិសេសបានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្ដរជាតិ និងបុណ្យជាតិធំៗ នាពេលកន្លងមកដោយទទួលបានជោគជ័យទាំងស្រុង១០០ភាគរយ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ជាចំណុចកណ្ដាលដ៏សំខាន់របស់កម្ពុជា ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន។
នាយឧត្តមសេនីយ៍ ស ថេត បានញ្ញាក់ស្មារតីដល់កងកម្លាំងនគរបាល ត្រូវបន្ដកិច្ចសហការឲ្យបានជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពួតដៃគ្នារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពោលការងារនេះមិនអាចធានាទៅបានឡើយ បើមិនមានកិច្ចការល្អពីស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាវុធហត្ថ និងស្ថាប័នតុលាការ។
ចំពោះបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង គ្រឿងញៀន និងល្បែងស៉ីសងគ្រប់ប្រភេទ ព្រមទាំងល្បែងអនឡាញវិញ ក៏ត្រូវតែបន្ដពង្រឹងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះបទល្មើសទាំងអស់នេះក៏ជះឥទ្ធិពលមិនល្អកេរ្ដិ៍ឈ្មោះរបស់កម្ពុជា។ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសទាំងនេះឡើយ ពោលក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូដល់ពលរដ្ឋ និងត្រូវតែស្អាតស្អំ៕