(ណាននីង, ចិន)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ អ្នកឧកញ៉ាលី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានរៀបចំវេទិកាធុរកិច្ច និងពាណិជ្ជកម្មចិនណាននីង-កម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
តាមរយៈវេទិកានេះ អ្នកឧកញ៉ាលី ឃុនថៃ បានលើកបង្ហាញពីគោលនយោបាយវិនិយោគរបស់កម្ពុជា និងលក្ខខណ្ឌទាក់ទាញប្រកបដោយសក្តានុពលខ្ពស់ជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជា បន្តរក្សាបានសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។ បន្ថែមពីលើនោះ សេដ្ឋកិច្ចរបស់កម្ពុជា មានភាពធន់គួរឱ្យកត់សម្គាល់ ដោយអតិផរណារក្សាស្ថិរភាពនៅ ២.៣ភាគរយ នៅឆ្នាំ២០២៣ និងកំណើនសេដ្ឋកិច្ច ៥.៦ភាគរយ ជាមួយការព្យាករណ៍នឹងកើនឡើងដល់៦ភាគរយ នៅឆ្នាំ២០២៤។
សម្រាប់រយៈពេល១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនឈានដល់ ១២.៣៧ពាន់លានដុល្លារអាមេរិក កើនឡើង ២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ឈានដល់ ១.៤២ពាន់លានដុល្លារអាមេរិក កើនឡើង២១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចូលរបស់កម្ពុជាពីប្រទេសចិន ឈានដល់ ១០.៩៥ពាន់លានដុល្លារអាមេរិក កើនឡើង ២៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងដែរថា គោលនយោបាយវិនិយោគនៅកម្ពុជាមានភាពបត់បែន ដែលក្នុងនោះកម្ពុជាមានស្ថេរភាពលើអត្រាប្តូរប្រាក់។ កម្ពុជា ស្វាគមន៍រាល់ការវិនិយោគពីបរទេស, កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសដាក់ទុនវិនិយោគ១០០ភាគរយ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក។ ទន្ទឹមនឹងនេះ តម្លៃពលកម្មរបស់កម្ពុជាមានការប្រកួតប្រជែង ដែលផ្តល់នូវគុណសម្បត្តិតម្លៃដ៏ល្អសម្រាប់ផលិតកម្ម។
ដោយឡែកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា បន្តមានភាពប្រសើរឡើង រាជរដ្ឋាភិបាលវិនិយោគច្រើនលើផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងណ្តាញអគ្គិសនីជាដើម។
តាមរយៈវេទិកាធុរកិច្ចនេះ បានផ្តល់ព័ត៌មានកាន់តែច្រើនពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ជូនដល់អ្នកធុរកិច្ចនៅប្រទេសចិន ហើយធ្វើឱ្យពួកគេចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាផងដែរ៕