(ភ្នំពេញ)៖ រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាត ៦ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបើកសម្ពោធឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលជាសមិទ្ធផលមួយទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុង ដែលមានតម្រូវការទឹកស្អាតប្រើប្រាស់ និងបរិភោគ។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ លោក AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ បានផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋចំនួន១១ភូមិ ខណៈរដ្ឋាករទឹកនឹងពង្រីកវិសាលភាពផ្គត់ផ្គង់៥ភូមិបន្ថែមទៀតនៅឆ្នាំ២០២៥។

លោកបន្តថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ នឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតបាន១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា៣ពាន់គ្រួសារ។

លោកបន្តថា តាមរយៈការសម្ពោធដាក់ឱ្យដំណើរការនូវសមិទ្ធផលនេះ នឹងចូលរួមចំណែកធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចរីភាព (SDGs) ដើម្បីធានាបាននូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប១០០ភាគរយ ចាប់ពីឆ្នាំ២០៣០តទៅ។

លោក ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃរោងចក្រផលិតទឹកស្អាតនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹក ជាអាទិភាពគន្លឹះទីបី។

លោកបានលើកឡើងថា «ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស»។

លោករដ្ឋមន្ត្រីក៏បានរំលេចពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត ដោយក្នុងនោះ មានគម្រោងចំនួន៣១ ដែលបានអនុវត្តរួច និងកំពុងអនុវត្ត រួមមានទាំងគម្រោងកសាងសមត្ថភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាតនៅទូទាំងប្រទេស។

រោងចក្រផលិតទឹកស្អាតបឹងធំ គឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត «មេ្លច» នៅខេត្តកំពត។

រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។

លោក ហែម វណ្ណឌី បានស្នើឱ្យភាគីពាក់ព័ន្ធ រួមទាំងក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមការពារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ពង្រីកបណ្តាញចែកចាយ និងរក្សាស្ទឹងព្រែកត្នោត ជាប្រភពទឹកសម្រាប់រយៈពេលវែង។

លោកបានបន្ថែមថា កិច្ចសហការទាំងនេះមានសារៈសំខាន់ក្នុងការធានាការផ្គត់ផ្គង់ និងគុណភាពទឹកនាពេលអនាគត, លើកកម្ពស់សុខភាពសាធារណៈ, និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

បច្ចុប្បន្នភាពផែនការមេវិស័យទឹកស្អាត ដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករណ៍ថា តម្រូវការទឹកស្អាតនឹងកើនឡើងដល់ប្រមាណជាង ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០។ ក្រោយដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបឹងធំ សមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងកើនឡើងពី ៩៨២.០០០ ទៅដល់ ៩៨៨.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគាំទ្រដោយបណ្តាញចែកចាយទឹកស្អាតប្រវែង ៤.៨៧០ គីឡូម៉ែត្រ៕