(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានជំរុញណែនាំឱ្យធុរជន និងវិនិយោគិនរួសរាន់ដាក់ពាក្យ ឬស្នើមកក្រុមការងារដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស»។
ការណ៍នេះ បានធ្វើឡើងនាឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រយៈពេល១១ខែ ឆ្នាំ២០២៤ នៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
លោកបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ជាមួយនេះដែរ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនរួសរាន់អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕