(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ។

តាមការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈដូចគ្នាថា ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រីក និងបានឯកភាពធ្វើការជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងលើកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី។

ភាគីទាំងពីរ ក៏ទន្ទឹងរង់ចាំការរៀបចំសកម្មភាពរួមគ្នា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រទាំងពីរនៅឆ្នាំ២០២៥៕