(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុនកសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សអំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការវិនិយោគសាង​សង់​គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើប​ឡើងវិញជាបណ្តើរៗ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្ដីសង្ឃឹមឆ្ពោះទៅរកសម្រេចគោលដៅ នៃការអភិឌ្ឍប្រទេសកម្ពុជា»

សម្ដេចបន្ដថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជាក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រទាប់យុវជននាពេលបច្ចុប្បន្ន។ ការងារនេះ គឺជាការងារឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ។

ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា គម្រោង «ទីក្រុង​មេគង្គ ឃី» នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង។ ជារួម តាមរយៈការជួយបង្កើនភាពសកម្ម​នៃវិស័យ​អចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយ​ផ្សព្វ​ផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជាផង។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។ សម្ដេចបង្ហាញសុទិដ្ឋិនិយមថា ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗមិនខុសខាងរាជធានីភ្នំពេញនោះឡើយ និងលើកទឹកចិត្តឲ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍នៅភាគខាងកើតដងទន្លេមេគង្គផងដែរ៕