(កណ្ដាល)៖ ថ្លែងចេញពីទឹកដីក្រុងអរិយក្សត្រ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជន រួមគ្នាអភិវឌ្ឍន៍ នៅភាគខាងកើតដងទន្លេមេគង្គ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ការលើកទឹកចិត្ដបែបនេះ ស្របពេលដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» ដែលជាគម្រោងដំបូងបំផុត លើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» នេះ ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះ ជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ដ ដល់វិស័យឯកជនផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ទិសខាងកើតរបស់យើង ឲ្យបានរីកចម្រើន»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជំរុញឲ្យចូលរួមអភិវឌ្ឍន៍ទាំងអស់នេះ មិនមែនត្រឹមតែធ្វើ ដើម្បីតែបង្កើតហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្ដែវាផ្ដល់អត្ថប្រយោជន៍ នូវហេដ្ឋារចនាសម្ព័ន្ធទុន និងអត្ថប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការជំរុញ និងការលើកទឹកចិត្ដ ឲ្យចាប់ផ្ដើមនៅថ្ងៃនេះ វាជាជំហានដំបូង នៃការអភិវឌ្ឍន៍ភាគខាងកើត ក្នុងរយៈពេលរាប់ឆ្នាំខាងមុខ ហើយការជំរុញនេះ នឹងបង្កើនសក្ដានុពលបន្ថែម ទៅដល់តំបន់ជាប់ៗ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល ស្វាគមន៍នូវការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ប្រជាជន និងប្រទេសជាតិ មានការទទួលបានការរីកចម្រើនអាចឆាប់រហ័ស។
សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លើសពីនោះទៀត គម្រោងអភិវឌ្ឍន៍នេះ នឹងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ៕