(ភ្នំពេញ)៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសិក្សា ការសាកល្បង ការសម្រេចបាននូវសមិទ្ធផលការងារ គឺជាជំហាននៃភាពជោគជ័យ ដែលក្រសួងបរិស្ថានសម្រេចបាននៅក្នុងឆ្នាំទី១ ហើយជំហាននេះ ក៏ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ ២០២៥ខាងមុខ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តដោយប្រសិទ្ធភាព ពីសំណាក់ក្រុមបងប្អូនក្រុមគ្រួសារបរិស្ថាន។
ការថ្លែងឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងពិធីបើកអង្គសន្និបាតឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជាមួយនឹងភាពជោគជ័យ ដែលក្រសួងបរិស្ថានសម្រេចបានតាមរយៈការថយចុះនៃចំនួននាំចូលថង់ប្លាស្ទិក៨០% ដែលផ្តើមចេញពីយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក យុទ្ធនាការសំអាត និងធ្វើឱ្យស្អាតគ្មានសំណល់ សំរាមប្លាស្ទីក និងការកែប្រែផ្នត់គំនិតយុវជនជំនាន់ក្រោយ ឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
ស្របនឹងភាពជោគជ័យ ក្រសួងបរិស្ថានក៏បានដាក់ចេញការងារបន្តឆ្នាំ២០២៥ គឺត្រៀមដាក់ចេញយុទ្ធនាការចំនួន ៣បន្ថែមទៀត ដោយផ្តោតសំខាន់លើជីវិតមនុស្ស ក្នុងនោះបានពង្រឹងលើការងារត្រួតពិនិត្យគុណភាពទឹក តាមរយៈការបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវ នៅតាមរោងចក្រសហគ្រាសមុនការបញ្ចេញទៅក្រៅ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើដី ភាពស្អាតក្នុងទឹក ភាពស្អាតលើមេឃ ជាបន្តបន្ទាប់ និងមួយជំហានម្តងៗ ដើម្បីទទួលបានភាពស្អាតក្នុងសង្គមកម្ពុជានិងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង ៩,៧លាន អង្គ/នាក់និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។
កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាម ចំនួន ៦៣គ្រឿង រថយន្ត៨៨គ្រឿង ម៉ូតូកង់បី ១៦១គ្រឿង ធុងចម្រោះទឹក និងធុងសំរាមរាប់ពាន់ធុង ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម មានធុងដាក់សំរាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយ ធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន។
ក្រសួងបានបន្តគាំទ្រ មធ្យោបាយ សម្ភារៈ ក្នុងនោះមានរថយន្តដឹកសំរាមចំនួន ១៨គ្រឿង ដើម្បីគាំទ្រការចូលរួមសម្អាតផ្លូវជាតិ ឆ្ពោះទៅ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិនៅឆ្នាំ២០២៥»។ ដៃគូសហការមួយចំនួនទៀតបានគាំទ្រនិងផ្តល់សម្ភារជាបន្តបន្ទាប់ មកដល់ក្រសួងបរិស្ថាន ដើម្បីអនាគតកម្ពុជាមានភាពស្អាតផងដែរ៕